(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានបើកវគ្គហ្វឹកហ្វឺនបុគ្គលិកជំនាញរបស់ខ្លួន អំពីសេវាហិរញ្ញវត្ថុអន្តរជាតិ កម្ពុជា-សិង្ហបុរី និងបណ្ដាប្រទេសដទៃទៀត ដែលជាសមាជិករបស់គម្រោង ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដើម្បីផ្ដល់នូវការយល់ដឹងបន្ថែម និងណែនាំលម្អិតអំពី របៀបបំពេញទម្រង់ផ្សេងៗ នៅលើប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមួយនេះ។
វគ្គហ្វឹកហ្វឺនរយៈពេលពីរថ្ងៃនេះ មានការចូលរួមពីសិក្ខាកាម ដែលជាមន្ត្រីជំនាញរបស់ធនាគារ អេស៊ីលីដា និងតំណាងសហគ្រាសធុនតូច និងមធ្យមជាច្រើនរូបទៀត ដោយមានការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ពីសំណាក់អ្នកជំនាញ ផ្នែកសេវាហិរញ្ញវត្ថុអន្តរជាតិ មកពីប្រទេសសិង្ហបុរីផងដែរ។
ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) គឺជាគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ជាមួយនឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក្នុងគោលបំណងចែករំលែកនូវព័ត៌មានហិរញ្ញវត្ថុ និងការជ្រើសរើសសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមនៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែន (ទិញ-លក់ផលិតផល ឬទំនិញ) តាមប្រព័ន្ធអនឡាញបានយ៉ាងងាយស្រួល និងប្រកបដោយទំនុកចិត្តខ្ពស់ រវាងប្រទេសកម្ពុជា និងសិង្ហបុរី រួមជាមួយនឹងបណ្ដាប្រទេសផ្សេងទៀត។
បច្ចុប្បន្ន ប្រទេសដែលបានចូលរួម នៅក្នុងប្រព័ន្ធមជ្ឈមណ្ឌលហិរញ្ញវត្ថុ Proxtera Trade Portal រួមមាន ប្រទេសកម្ពុជា, សិង្ហបុរី, ហ្វីលីពីន, អូស្ត្រាលី និងរវ៉ាន់ដា ជាដើម។ ជាមួយគម្រោង FTC សហគ្រិន ឬអ្នកតំណាងក្រុមហ៊ុននៅកម្ពុជា អាចដាក់លក់ និងនាំចេញផលិតផលទំនិញ ឬវត្ថុធាតុដើម ទៅក្រៅប្រទេស តាមរយៈការបញ្ជាទិញពីដៃគូ នៅក្នុងទីផ្សារអន្តរជាតិ លើប្រព័ន្ធ Proxtera Trade Portal (https://trade.proxtera.com) ដែលមានសុវត្ថិភាពខ្ពស់ ជាមួយនឹងការទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារ អេស៊ីលីដា បានយ៉ាងងាយស្រួលបំផុត។
ផលិតផល ដែលអាចលក់បាននៅលើប្រព័ន្ធ Proxtera Trade Portal គឺត្រូវតែជាប្រភេទផលិតផល ឬទំនិញ ដែលមានលក្ខណៈ ស្របតាមស្ដង់ដារអន្តរជាតិ និងច្បាប់ នៃប្រទេសនីមួយៗ។ ក្នុងនោះ ផលិតផលខ្មែរ ដែលអាចដាក់លក់បានរួមមាន៖ គ្រឿងទេស, ផលិតផលកសិកម្ម និងចំណីអាហារកែច្នៃ សម្លៀកបំពាក់ស្បែកជើង គ្រឿងសិល្បៈ គ្រឿងស្មូន គ្រឿងសង្ហារឹម និងផលិតផលផ្សេងទៀត៕