(បរទេស)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump គ្រោងនឹងជួបពិភាក្សាជាមួយសហនាយកប្រតិបត្តិ (co-CEO) ក្រុមហ៊ុន Netflix លោក Ted Sarandos នៅថ្ងៃនេះ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅឯរមណីយដ្ឋាន Mar-a-Lago របស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិករូបនេះ ក្នុងរដ្ឋផ្លរីដា ខណៈដែលជំនួបនេះ ធ្វើឡើងបន្ទាប់ពីមានការចូលរួមជាបន្តបន្ទាប់ដែលលោក Trump មានជាមួយម្ចាស់អាជីវកម្មធំៗ រួមទាំងការពិភាក្សាជាមួយលោក Mark Zuckerberg មេធំ Facebook, លោក Shou Zi Chew មេធំ TikTok និងលោក Tim Cook មេធំ Apple កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ដែលផ្ដល់ដោយអង្គការក្រៅរដ្ឋាភិបាល OpenSecrets បានឱ្យដឹងថា ជាប្រវត្តិសាស្ត្រលោក Sarandos ធ្លាប់ជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលរួមចំណែកដល់យុទ្ធនាការធ្វើការបរិច្ចាគដើម្បីគាំទ្រប្រធានាធិបតី Joe Biden អតីតប្រធានាធិបតី Barack Obama និងលោកស្រី Hillary Clinton។ យ៉ាងណា ទោះបីជាលោកមានសាវតារនេះក៏ដោយ បច្ចុប្បន្ននេះលោក កំពុងស្វែងរកការបង្កើតទំនាក់ទំនងជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិករូបនេះ ស្របពេលដែល មេដឹកនាំជំនួញធំៗផ្សេងទៀតព្យាយាមបង្កើតទំនាក់ទំនងវិជ្ជមានជាមួយលោក Trump ជាបន្តបន្ទាប់ ចាប់តាំងពីការឈ្នះបោះឆ្នោតរបស់លោកនៅក្នុងខែវិច្ឆិកាកន្លងទៅ។
គួរជម្រាបថា នៅក្នុងជំនួបនេះលោក Sarandos មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ ខណៈកិច្ចប្រជុំនេះ ត្រូវបានរាយការណ៍នៅថ្ងៃចន្ទដោយអ្នកយកព័ត៌មាន CNN Alayna Treene។ បន្ថែមពីរបាយការណ៍នេះ លោក Trump ក៏បាននិយាយកាលពីសប្តាហ៍មុនថាលោកមានគម្រោងជួបជាមួយមេធំ Amazon លោក Jeff Bezos នៅសប្តាហ៍នេះផងដែរ៕