(ភ្នំពេញ)៖ ព្រឹទ្ធាចារ្យពហុជំនាញក្បាច់គុន សេង ប៊ុនសុង ដែលជាអតីតកីឡាករគុនខ្មែរដ៏ល្បីល្បាញកាលពីទសវត្សន៍៨០ បានសម្រេចបើកសាលាកីឡាគុណធម៌ គោរពតាមសន្យារបស់ខ្លួន ជាមួយប្រជាពលរដ្ឋ និងអ្នកស្រលាញ់គាំទ្ររូបលោក ដើម្បីចែករំលែកចំណេះដឹង និងបង្ហាត់នូវកីឡាជាច្រើន ដែលលោកបានហាត់រៀនដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នៅតាមបណ្ដោយផ្លូវអង្គតាមមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដូចជាកីឡាគុនល្បុក្កតោ តេក្វាន់ដូ កីឡារាំ និងកីឡាជាច្រើនទៀត។

ព្រឹទ្ធាចារ្យខាងលើបានរំឮកថា កាលពីទសវត្សន៍៨០ លោកបានហ្វឹកហាត់ក្បាច់គុនចម្រុះជាច្រើន ដោយផ្ដើមពីប្រដាល់សេរី ឬប្រដាល់គុនខ្មែរបច្ចុប្បន្ន រហូតមានឱកាសប្រកួតជាមួយកីឡាករជើងខ្លាំងថៃជាច្រើន កំឡុងពេលលោកភៀសខ្លួនរស់នៅជាយដែនកម្ពុជា-ថៃ បន្ទាប់ពីកម្ពុជាស្ថិតក្រោមរបបខ្មែរក្រហម។ ការមានឱកាសសាកល្បងសមត្ថភាព និងឡើងសង្វៀន ហើយបានយកឈ្នះកីឡាករជើងខ្លាំងថៃជាបន្ដបន្ទាប់ បានធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់លោកល្បីល្បាញជាខ្លាំង មុនលោកចាកចេញទៅរស់នៅទឹកដីអាមេរិក នៅឆ្នាំ១៩៨៨។

លោកថា ដោយសារការកសាងកេរ្ដិ៍ឈ្មោះលើទឹកដីថៃ និងបណ្ដាប្រទេសមួយចំនួន បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនបានស្គាល់ និងចង់ឲ្យលោកមកបង្ហាត់ ក៏ដូចជាចែករំលែកចំណេះដឹងក្បាច់គុនដល់យុវជនខ្មែរ ហើយលោកក៏បានសន្យាថា នឹងត្រឡប់មកកម្ពុជាវិញ ពេលលោកចូលនិវត្តន៍ និងជួយកូនបញ្ចប់ការសិក្សាលើទឹកដីអាមេរិក។ តបតាមការសន្យា លោកក៏បានត្រឡប់មកម្ពុជា ហើយបើកសាលាកីឡាគុណធម៌នេះឡើង ដោយមានការគាំទ្រពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក សេង ប៊ុនសុង ពន្យល់ថា គោលបំណង នៃការសាលាកីឡាគុណធម៌ ក្រៅពីគោរពតាមការសន្យា គឺបង្កប់នូវអត្ថន័យសំខាន់ ១ គឺវិន័យ និងសីលធម៌កីឡា ដើម្បីផ្ដល់នូវការអប់រំដល់កុមារ យុវជន និងប្រជាពលរដ្ឋទូទៅ ដែលស្រលាញ់ និងចង់ហ្វឹកហាត់នៅទីនេះ បានទទួលនូវបំនិនជីវិតថ្មីៗ សម្រាប់អភិវឌ្ឍន៍សមត្ថភាព និងជំនាញរបស់ខ្លួន។ សម្រាប់គោលដៅចំពោះមុខ គឺផ្ដោតការបង្ហាត់ដើម្បីសុខភាព ។ បន្ទាប់មកសម្រាប់អ្នកមានសមត្ថភាព និងទេពកោសល្យល្អ សាលានឹងលើកទឹកចិត្ត ក៏ដូចជាជំរុញឈានទៅហ្វឹកហាត់កម្រិតអាជីព ដើម្បីមានឱកាសប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផងដែរ។

ទន្ទឹមជាមួយគ្នា កីឡាករបាល់ទះជម្រើសជាតិកម្ពុជា ផុល រតនៈ និង មួន និមល ក៏ដូចជាកីឡាការិនីវ៉ូវីណាមជម្រើសជាតិ ពៅ សុខា សុទ្ធតែបានបង្ហាញទស្សនៈស្រដៀងគ្នា ដោយបានគាំទ្រការបង្កើតសាលាកីឡាគុណធម៌នេះឡើង ដើម្បីបណ្ដុះបណ្ដាលកីឡា និងតម្រែតម្រង់ទិសដ៏ល្អដល់យុវជនឲ្យមានជំនាញផ្ទាល់ខ្លួន ពិសេសបានហ្វឹកហាត់នូវក្បាច់គុនខ្មែរបុរាណ ដូចជាគុនល្បុក្កតោ ប្រដាល់គុនខ្មែរ និងកីឡាប្រយុទ្ធមានប្រភពពីបរទេសជាច្រើន ជាមួយព្រឹទ្ធាចារ្យ និងគ្រូបង្វឹកជំនាញ ហើយពួកគេក៏បានលើកទឹកចិត្តដល់យុវជនក្នុងការហ្វឹកហាត់ឲ្យបានច្រើន ដើម្បីលើកកម្ពសសុខុមាលភាពរបស់ខ្លួនផងដែរ៕