(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកស្រ្តី ប្រចាំទ្វីបអឺរ៉ុប UEFA Women’s Championship 2025 ត្រូវបានចាប់ឆ្នោតបែងចែកពូលរួចហើយនាយប់មិញនេះ មុនការប្រកួតមកដល់ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី២៧ ខែកក្កដាខាងមុខ ដោយមានស្វីសធ្វើម្ចាស់ផ្ទះ។

គួរបញ្ជាក់ផងថា កម្មវិធីដែលរៀបចំឡើងសហព័ន្ធប្រចាំទ្វីបអឺរ៉ុប UEFA មានប្រាក់រង្វាន់ប្រមាណ ៣៤លានផោន ប្រហាក់ប្រហែល ៤៣លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ម្ចាស់ជើងឯកជំនាន់ទី១៤ ដោយមាន ១៦ក្រុមចូលរួម រួមទាំងម្ចាស់ផ្ទះដែលបានឆ្លងផុតវគ្គជម្រុះរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃនេះ។

ក្រុមតោកំណាចស្រ្តីអង់គ្លេស ជាម្ចាស់ការពារតំណែងជើងឯក បន្ទាប់ពីពួកគេបានឈ្នះពាននេះលើកដំបូងកាលឆ្នាំ២០២២ ក្នុងទឹកដីរបស់ខ្លួន លើកលែងតែក្រុមបុរស បានត្រឹមរងជើងឯក ២សម័យកាលចុងក្រោយជាប់ៗគ្នាតែប៉ុណ្ណោះ។

ខាងក្រោមនេះជាពូលទាំង៤ (A-D) ដ្បិត UEFA បានសម្រេចបង្កើនក្រុមកើនដល់ ១៦ក្រុមជាលើកទី៣ នាពេលនេះ៖

A៖ ន័រវេស អ៉ីស្លង់ ហ្វាំងឡង់ និងម្ចាស់ផ្ទះស្វីស
B៖ អេស្ប៉ាញ ព័រទុយហ្គាល់ ប៊ែលហ្សិក និងអ៉ីតាលី
C៖ អាល្លឺម៉ង់ ប៉ូឡូញ ដាណឺម៉ាក និងស៊ុយអែត
D៖ បារាំង អង់គ្លេស វ៉េល និងហូឡង់៕