(ភ្នំពេញ)៖ Wingagri ដែលជាផ្នែកដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីធនាគារ វីង (ខេមបូឌា) ម.ក ត្រូវបានទទួលស្គាល់ជា «ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ» ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា២០២៤។ រៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីពានរង្វាន់ឆ្នាំនេះមានគោលបំណង បង្ហាញពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ចំពោះការវិវឌ្ឍ ដ៏ឆាប់រហ័សនៃវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា «នៅក្នុងប្រទេសកម្ពុជា កសិករជួបផលលំបាកមួយចំនួនដូចជាលទ្ធភាពក្នុងការចូលទីផ្សារ ការទទួលបានហិរញ្ញប្បទានដែលសមស្រប និងដំណោះស្រាយឌីជីថលជាដើម។ ហេតុនេះហើយ Wingagri ត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ សំដៅរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ។ តាមរយៈការច្របាច់បញ្ចូលគ្នានូវបច្ចេកវិទ្យាចុងក្រោយ ដំណោះស្រាយហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យកសិករចូលទៅក្នុងទីផ្សារបានដោយផ្ទាល់ទៀតនោះ យើងខ្ញុំមិនគ្រាន់តែជួយទៅដល់កសិករប៉ុណ្ណោះទេ ប៉ុន្តែយើងខ្ញុំក៏កំពុងផ្លាស់ប្តូរវិស័យកសិកម្មវ ទៅជាឧស្សាហកម្មមួយដែលជំរុញដោយឌីជីថល ហើយអាចរីកលូតលាស់ប្រកបដោយនិរន្តរភាពថែមទៀតផង»

Wingagri ជាបេក្ខភាពដែលលេចធ្លោជាងគេមួយ នៅក្នុងកម្មវិធីពានរង្វាន់ឆ្នាំនេះ ចំពោះការបង្កើតភាពងាយស្រួលសម្រាប់ខ្សែចង្វាក់តម្លៃកសិកម្ម។ ថ្នាលឌីជីថលនេះត្រូវបានបង្កើតឡើងដើម្បីជួយកសិករ សហគមន៍កសិករ និងភាគីពាក់ព័ន្ធដទៃទៀតដោយផ្តល់ឱ្យពួកគេ នូវមធ្យោបាយរួមគ្នាក្នុងថ្នាលតែមួយ ដែលផ្តល់នូវភាពងាយស្រួលក្នុងការចូលទីផ្សារ ការទួលបានសេវាហិរញ្ញវត្ថុ និងជួយឱ្យប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាព។

តាមរយៈការជួយឱ្យប្រតិបត្តិការទូទាត់ដំណើរការទៅដោយរលូន ភាពងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផល និងការផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញ Wingagri ជួយភ្ជាប់គម្លាតទាំងនេះបានកាន់តែប្រសើរ នៅក្នុងវិស័យកសិកម្ម ដោយជួយឱ្យកសិករទទួលបាននូវឥណទានសមស្រប ការភ្ជាប់បណ្តាញទំនាក់ទំនងនៅក្នុងទីផ្សារ ព្រមទាំងជួយផ្តល់ដំណោះស្រាយវិភាគបែបទំនើប ដើម្បីជាជំនួយស្មារតីសម្រាប់ប្រតិបត្តិការអាជីវកម្មក្នុងវិស័យកសិកម្ម យ៉ាងមានប្រសិទ្ធភាពផងដែរ។
សមិទ្ធផលរបស់ Wingagri គឺឆ្លុះបញ្ចាំងពីបេសកកម្មដ៏វែងឆ្ងាយរបស់ធនាគារ វីង ដើម្បីជំរុញបរិយាបន្នឌីជីថល និងកំណើនសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មផ្ទាល់តែម្តង ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ភាពជោគជ័យរបស់ថ្នាលឌីជីថល Wingagri ក៏ជាផ្នែកមួយនៃការៃការបេ្តជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល ក៏ដូចជាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលជាកត្តាលីករនៃការរុញច្រានកំណើននាពេលអនាគតរបស់ប្រទេសកម្ពុជា។

ពានរង្វាន់ឌីជីថលកម្ពុជា ដែលត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបលើកទី១០របស់ខ្លួន ហើយពានរង្វាន់នេះ គឺជាពានរង្វាន់ថ្នាក់ជាតិធំជាងគេបំផុតមួយ ដែលទទួលស្គាល់ការខិតខំប្រឹងប្រែង ចំពោះបច្ចេកវិទ្យាឌីជីថល និងការច្នៃប្រឌិតដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកោតសរសើរពីតួនាទីរបស់កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ក្នុងការជំរុញបរិវត្តកម្មឌីជីថល និងបន្តនាំមកនូវផលវិជ្ជមានសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត មានប្រសាសន៍ថា «យើងខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជាតួអង្គមួយក្នុងការអភិវឌ្ឍអនាគតឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់ឌីជីថលកម្ពុជា ពិតជាបានដើរតួនាទីដ៏សំខាន់មួយក្នុងការទទួលស្គាល់ ក៏ដូចជាជំរុញលើកទឹកចិត្តនវានុវត្តន៍ឌីជីថល ហើយភាពជោគជ័យរបស់ Wingagri គឺបានបង្ហាញយ៉ាងច្បាស់ពីរបៀប ដែលបច្ចេកវិទ្យាអាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតនូវផលវិជ្ជមាន និងនិរន្តភាពចំពោះវិស័យសំខាន់នានានៅក្នុងប្រទេសកម្ពុជា។ ដើម្បីអបសាទរខួបលើកទី១០ក្នុងឆ្នាំនេះ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងជំរុញបរិវត្តកម្មឌីជីថល ឆ្ពោះទៅមុខកាន់តែប្រសើរ។ ក្នុងនាមជាកម្មវិធីថា្នក់ជាតិដ៏ធំមួយ ពានរង្វាន់នេះមិនត្រឹមតែផ្តល់កិត្តិយស ចំពោះនវានុវត្តជនដែលជាអាជីវកម្មបង្កើតថ្មី សាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល និងគ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏ជាតួអង្គដ៏សំខាន់មួយក្នុងការជំរុញនវានុវត្តន៍ ភាពច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពន្លឿនបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ប្រកបដោយបរិយាបន្នផងដែរ»

ការទទួលបានពានរង្វាន់ឌីជីថលកម្ពុជា២០២៤នេះ Wingagri នៅតែបន្តប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះភាពនាំមុខគេក្នុងការជំរុញវិស័យកសិកម្ម ដោយប្រើប្រាស់ដំណោះស្រាយឌីជីថល ហើយធនាគារ វីង នៅតែខិតខំប្រឹងប្រែងក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករ និងអាជីវកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថល ដែលជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឱ្យបានកាន់តែប្រសើរឡើង៕