(ភ្នំពេញ)៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab រួមជាមួយនឹងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសហការគ្នាក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាល ដល់អ្នកបើកបរតុកតុកក្នុងរាជធានីភ្នំពេញចំនួន ២០០ នាក់ស្តីពីការបើកបរប្រកបដោយសុវត្ថិភាព ដើម្បីលើកកម្ពស់សុវត្ថិភាពតាមដងផ្លូវ និងការទទួលខុសត្រូវ សម្រាប់ប្រទេសកម្ពុជាកាន់តែប្រសើរឡើង។

ក្នុងសិក្ខាសាលារយៈពេលកន្លះថ្ងៃនេះ អ្នកបើកបរតុកតុកទទួលបានការយល់ដឹងអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា គ្រោះថ្នាក់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងអាកប្បកិរិយាបើកបរប្រកបដោយសុវត្ថិភាព។ សិក្ខាសាលានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងរបស់អ្នកបើកបរតុកតុក អំពីសុវត្ថិភាពចរាចរណ៍ និងការអនុវត្តការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

កញ្ញា អ៊ីវ ធួនលក្ខិណា ប្រធានការិយាល័យអប់រំ និងផ្សព្វផ្សាយ បានគាំទ្រកម្មវិធី និងបានចែករំលែកអំពីអាកប្បកិរិយាសុវត្ថិភាពចរាចរណ៍ ដោយលោកបានអត្ថាធិប្បាយក្នុងសុន្ទរកថាបើកកម្មវិធីថា៖ «អនុលោមតាមបទប្បញ្ញត្តិផ្លូវគោក និងអាកប្បកិរិយាសុវត្ថិភាពក្នុងចំណោមអ្នកបើកបរគឺជាកត្តាសំខាន់សម្រាប់ការបង្កើនសុវត្ថិភាពចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍អាចត្រូវបានបញ្ចៀស និងទប់ស្កាត់ដោយឥរិយាបថត្រឹមត្រូវ។ យើងសូមកោតសរសើរចំពោះការងាររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Grab ក្នុងការលើកកម្ពស់ការយល់ដឹងដល់អ្នកបើកបរតុកតុក។ យើងរួមគ្នាដើម្បីបង្កើនសុវត្ថិភាពតាមដងផ្លូវសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា»

Grab គឺជាកម្មវិធីកក់សេវាធ្វើដំណើរឈានមុខគេក្នុងប្រទេសកម្ពុជាដែលបាននាំយកនូវដៃគូអ្នកបើកតុកតុកចំនួន ២០០ នាក់ ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ។

កិច្ចខិតខំប្រឹងប្រែងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Grab ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ និងការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។ លោក កង សុវណ្ណារ៉ូត អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ ក្រុមហ៊ុន Grab Cambodia បានមានប្រសាសន៍ថា៖ «យើងធានាថា អ្នកបើកបរតុកតុករបស់យើងមានអារម្មណ៍ថា គាត់ត្រូវបានទទួលការផ្តល់តម្លៃ និងលើកទឹកចិត្តក្នុងការបំពេញការងារ។ សិក្ខាសាលានេះមិនត្រឹមតែបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើនបទពិសោធន៍ ប្រកបដោយសុវត្ថិភាព និងប្រសើរជាងមុនសម្រាប់អតិថិជនរបស់យើងផងដែរ»

សិក្ខាសាលានេះក៏បានពង្រឹងសារ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ស្របតាមការប្ដេជ្ញាចិត្តរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់លើការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne De Graaf នាយិកាផ្នែកកិច្ចការសាជីវកម្មរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងប្តេជ្ញាចិត្តលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវដែលជាស្នូលនៃមហិច្ឆតារបស់យើង។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការពិសាដោយការទទួលខុសត្រូវ និងបង្កើតទម្លាប់ក្នុងការទទួលទានក្នុងកម្រិតសមស្រប និងការទទួលខុសត្រូវ។

តាមរយៈការលើកកម្ពស់វប្បធម៌នៃទំនួលខុសត្រូវ យើងមានគោលបំណងធានាថា ផលិតផលរបស់យើងត្រូវបានទទួលទានក្នុងបរិបទមួយ ដែលមិនប៉ះពាល់ដល់សុវត្ថិភាព ឬសុខភាព ដែលស្របទៅនឹងការប្តេជ្ញាចិត្តរបស់ពួកយើងចំពោះការ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ»៕