(ភ្នំពេញ)៖ សាកលវិទ្យាល័យវេស្ទើន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីជំនាន់ទី២២ ឆ្នាំសិក្សា២០២៤-២០២៥ ជំនាន់ទី២ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រងរងគ្រប់ជំនាញ របស់សាកលវិទ្យាល័យវេស្ទើនសាខាខេត្តកណ្ដាល ដែលមានទីតាំងនៅក្រុងតាខ្មៅ។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះលោក ឈាង សុខគា នាយកប្រតិបត្តិ នៃសាកលវិទ្យាល័យវេស្ទើនសាខាខេត្តកណ្តាល បានថ្លែងថា ការខិតខំប្រឹងប្រែងរៀនសូត្រនៅសាកលវិទ្យាល័យ ឬការចុះឈ្មោះចូលរៀននៅ ថ្នាក់ឧត្តមសិក្សានេះ ជាការចាប់ផ្តើមផ្លូវថ្មីមួយទៀត បន្ទាប់ពីបញ្ចប់ថ្នាក់ទី១២ នៅកម្រិតវិទ្យាល័យ១២ឆ្នាំឆ្នាំ ដូចនេះប្អូនៗដែលបានចូលបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យនេះ គឺជាការបើកទំព័រ ជីវិតជានិស្សិត ដែលត្រូវបន្ត ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់បរិញ្ញបត្ររង ដើម្បីមានជំនាញអាជីពមួយសម្រាប់រកការងារមួយដែលមានប្រកបដោយចំណេះជំនាញ និងប្រាក់ខែល្អ ដែលស្របទៅតាមចក្ខុវិស័យ ឆ្នាំ២០៥០ ដែលប្រជាជនម្នាក់ៗ មានប្រាក់ចំណូលខ្ពស់គឺផ្តើមចេញពីការរៀនសូត្រ។

នាយករូបនេះអះអាងថា កម្ពុជាយើងត្រូវការអ្នកមានចំណេះដឹង អ្នកមានជំនាញ អ្នកមានសមត្ថភាពពិតប្រាកដ ដើម្បីយកទៅបម្រើដល់ការអភិវឌ្ឍន៍ រីកចម្រើន ញ៉ាំងឲ្យប្រទេសរុងរឿង ដើរទៅមុខ ជឿនលឿន ពិសេសធ្វើឲ្យ ប្រជាពលរដ្ឋយើងមានជីវភាព កាន់តែល្អប្រសើរឡើង ស្ថិតក្រោមម្លប់សន្តិភាពដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាដ៏ល្អរបស់យើង។ ដូច្នេះសូមប្អូនៗ កូនក្មួយទាំងអស់ត្រូវតាំងចិត្ត ខិតខំរៀសូត្រ តស៊ូ ប្រឹងប្រែង ព្យាយាមកុំ បោះបង់ ព្រោះគុណតម្លៃរបស់មនុស្សយើងមុនគេ គឺ កម្រិតចំណេះដឹងនេះឯង។ ត្រូវតស៊ូរៀនឲ្យខ្លាំង ក្លាយជាសិស្សពូកែ មានសមត្ថភាព ដើម្បីក្លាយជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ដឹកនាំបន្តវេន និងបណ្ដុះបណ្ដាលកូនចៅជំនាន់ក្រោយឲ្យក្លាយជាបញ្ញវន្តគ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាស នៃពិធីបើកបវេសនកាលនេះ ថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យវេស្ទើន បានជួបជុំ និងរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតទាំង៣វេន ដើម្បីជួបជាមួយនិស្សិតដែលបានចុះឈ្មោះចូលរៀន នៅសាកលវិទ្យាល័យ វេស្ទើន ក្នុងគោលបំណងចង់ឲ្យនិស្សិតទទួលបានព័ត៌មានអំពីការសិក្សានៅសាកលវិទ្យាល័យ របៀបរៀនសូត្រ និងការចាប់ផ្តើមជានិស្សិត គោលបំណងសំខាន់នោះគឺ ចង់ឲ្យនិស្សិតមានមូលដ្ឋានក្នុងការត្រៀមខ្លួនមុនពេលចូលរៀននៅថ្នាក់ឧត្តមសិក្សា៕