(ភ្នំពេញ)៖ កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ដែលជាចលនាផ្សព្វផ្សាយអំពីសកម្មភាពកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅខេត្តកំពត បានបញ្ចប់ដោយជោគជ័យ ដោយទទួលបានការអបអរសាទរ និងចាត់ទុកជាផ្នែកមួយដ៏សំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹ និងសារៈប្រយោជន៍នៃការលេងកីឡាពីថ្នាក់ដឹកនាំសាលា និងសិស្សានុសិស្ស នៃវិទ្យាល័យ ព្រះ នរោត្តម រណឫទ្ធិ កាលពីចុងសប្ដាហ៍កន្លងទៅ។
លោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាប្រចាំការ NOCC បានឲ្យដឹងថា ដូចការរៀបចំនៅរាជធានីភ្នំពេញ និងខេត្តកែបដែរ កម្មវិធីនេះ រៀបចំឡើង ដើម្បីផ្សព្វផ្សាយឲ្យសិស្សានុសិស្សអំពីប្រវត្តិកីឡាអូឡាំពិកសម័យបុរាណ និងអូឡាំពិកសម័យទំនើប ក្នុងន័យជំរុញពួកគេឲ្យបានយល់ដឹង និងគុណតម្លៃនៃការលេងកីឡា។ អ្វីដែលគួរឲ្យកត់សម្គាល់ មានសិស្សានុសិស្សយ៉ាងច្រើនបានចាប់អារម្មណ៍ និងចូលរួមកម្មវិធីនេះរហូតជិត ២០០នាក់។
ជាមួយគ្នា លោក ស៊ុយ ធឹង នាយករងវិទ្យាល័យ ព្រះ នរោត្តម រណឫទ្ធិ បានគាំទ្រ និងចាត់ទុកជាកម្មវិធីដ៏ល្អ ដែលជួយឲ្យសិស្សានុសិស្សរបស់ខ្លួន បានជ្រូតជ្រាបកាន់តែច្បាស់អំពីតម្លៃនៃការលេងកីឡា តាមរយៈការផ្ដល់ចំណេះដឹងពាក់ព័ន្ធនឹងប្រវត្តិចលនាអូឡាំពិក ក៏ដូចជាភាពរីកចម្រើន នៃវិស័យកីឡាជាតិ ដែលជាការជំរុញដល់សិស្សឲ្យស្រលាញ់ និងចូលចិត្តលេងកីឡា ដើម្បីនាំមកនូវសុខភាពរឹងមាំ និងចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។
គួរដឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិកឆ្នាំនេះ NOCC គ្រោងរៀបចំចំនួន ១០សាលា នៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត និងអង្គការមួយចំនួន។ ក្រៅពីផ្តល់ចំណេះជូនដល់សិស្សអំពីទស្សនៈ និងប្រវត្តិកីឡាអូឡាំពិក មន្ដ្រីជំនាញ NOCC ក៏បានភ្ជាប់ជាមួយការផ្សព្វផ្សាយុទ្ធនាការ កម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ក៏ដូចជារំឮកពីមហាជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ផងដែរ៕