(ភ្នំពេញ)៖ ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ ស្របតាមការបរិច្ចាគប្រចាំឆ្នាំ និងកៀរគរថវិកាបន្ថែមបានចំនួនប្រមាណជិត ១ម៉ឺនដុល្លារ ពីដៃគូសហការ និងសប្បុរសជន ដើម្បីកិច្ចគាំពារមន្ទីរពេទ្យកុមារអង្គរ ក្នុងការផ្ដល់សេវាសុខភាពដល់កុមារកម្ពុជាទូទាំងប្រទេសប្រមាណជាង ១០ម៉ឺនករណី ក្នុងមួយឆ្នាំៗ។

ការបរិច្ចាគនេះធ្វើឡើងក្នុងកម្មវិធី «រត់សប្បុរសធម៌ដើម្បីមន្ទីរពេទ្យកុមារអង្គរ» ក្រោមការរៀបចំដោយក្រុមហ៊ុន ប៉េង ហួត គ្រុប និងដៃគូសការឧបត្ថម្ភកម្មវិធីជាច្រើន រួមទាំងមានការចូលរួមពីសំណាក់សប្បុរសជន​យ៉ាងច្រើនកុះករ ដែលបានប្រព្រឹត្តទៅនាល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅទីតាំងសួន អេកូផាក គម្រោង ហ្រ្គេនស្ដា ផ្លាទីនីម អេកូ ខូលិកសិន បុរីប៉េង ហួត (បឹងស្នោ)។

នេះគឺជាលើកទី៤ សម្រាប់ការបរិច្ចាគថវិកាជូនមន្ទីរពេទ្យកុមារអង្គរតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ថ្លែងក្នុងកម្មវិធីរត់សប្បុរសធម៌ដើម្បីមន្ទីរពេទ្យកុមារអង្គរ លោកស្រី ហុង ដានី អគ្គនាយកាបុរីប៉េងហួតបានលើកឡើងថា យើងសង្ឃឹមថា ការបរិច្ចាគនេះនឹងរួមចំណែកទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យ ក៏ដូចជាការផ្លាស់ប្ដូរជោគវាសនារបស់កុមារ ដែលកំពុងត្រូវការ-ការសង្គ្រោះ ដើម្បីឈានទៅរកអនាគតដ៏ភ្លឺថ្លាប្រកបដោយសុខភាពល្អរឹងមាំ។

លោកស្រី ក៏បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូសហការឧបត្ថម្ភកម្មវិធី រួមទាំងសហការី ប៉េង ហួត គ្រុប និងសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងការបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន រួមទាំងកម្លាំងកាយចិត្តចូលរួមក្នុងកម្មវិធី ដែលនេះបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតីខ្មែរជួយខ្មែរ និងសង្គមជាតិផងដែរ៕