(រីយ៉ូ)៖ តារា World Cup 2002 គឺ Ronaldo បានប្រកាសថា នឹងកាន់តួនាទីប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ដើម្បីធ្វើកំណែទម្រង់អតីតក្រុមខ្លាំងលំដាប់កំពូលពិភពលោក ៥សម័យកាលមួយនេះឡើងវិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា បុរសវ័យ ៤៨ឆ្នាំរូបនេះ នឹងក្លាយជាបេក្ខជនមួយរូបក្នុងការជំនួសកន្លែងរបស់ប្រធានបច្ចុប្បន្នគឺលោក Ednaldo Rodrigues ក្នុងការគ្រប់សហព័ន្ធបាល់ទាត់ប្រេស៊ីល។
ទន្ទឹមគ្នានោះ Ronaldo ដែលបានចូលលេងជាមួយក្រុមសាំបាតាំងពីឆ្នាំ១៩៩៤ នោះបានថ្លែងប្រាប់ Globo Esporte ថា «អស់កាលជាច្រើនទស្សវត្សរ៍មកហើយដែលក្រុមជម្រើសជាតិប្រេស៊ីល តែងតែធ្វើឱ្យប្រជាជនខកចិត្ត និងជួបប្រទះនូវបញ្ហាជាច្រើន។ បច្ចុប្បន្ននេះយើងមានកំពូល Super Star ជាច្រើនមានដូចជា Vinicius, Neymar, Rodrygo, Estevao និង Endrick…ដែលសុទ្ធសឹងពោរពេញដោយទេព្យកោសល្យ ហេតុអ្វីនៅតែពួកយើងធ្វើមិនបានល្អទៀត?»។
ជាមួយនឹងការប្រកាសឈរឈ្មោះនេះដែរ Ronaldo ក៏បានថ្លែងថា នឹងលក់ភាគហ៊ុននៅក្របខណ្ឌ La Liga ពីក្នុងក្លិបអាជីព Real Valladolid ផងដែរ។
មុនពេលចូលនិវត្តន៍ពីកីឡាករអាជីព Ronaldo បានបន្សល់ទុក ៩៨គ្រាប់ជាមួយសាំបា និងជាអ្នកស៊ុតបាន ២គ្រាប់ជ័យជម្នះ ២-០ ទៅលើជម្រើសជាតិអាល្លឺម៉ង់កាលផ្តាច់ព្រ័ត្រ World Cup 2002 នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងក្រោយពីនោះមក ពួកគេពុំដែលបានឆ្លងផុតវគ្គ ៨ក្រុមម្តងណាឡើយ៕