(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានទទួល ៣ពិន្ទុពេញលើកដំបូង ក្រោយវាយបកយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ២-១ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ពូលA នៅព្រលប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។

ការប្រកួតទី៣ ក្នុងពូលលើទឹកដីរបស់ខ្លួននេះ ក្រុមគោព្រៃ ត្រូវក្រុមភ្ញៀវទីម័រខាងកើត បើកការនាំមុខ ១គ្រាប់មុន នៅនាទី២២ ដែលធ្វើសម្រេចដោយកីឡាករ Joao Pedro ។ បន្ទាប់មកកម្ពុជា ក៏បានព្យាយាមដាក់សម្ពាធ រហូតរកបានគ្រាប់តាមស្មើនៅចុងវគ្គទី១ ដោយកីឡាករ ស រតនា នៅនាទី៤២ មុនសមាជិកក្រុមវិសាខាដដែល បញ្ជូនបាល់ឲ្យកីឡាករ ហាវ សុខនេត្រ បញ្ចប់ទីគ្រាប់ទី២ នៅនាទី៧៩ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។

ជ័យជម្នះលើកដំបូងនេះ នាំឲ្យកម្ពុជា រក្សាបានឱកាសស្ដួចស្ដើងរបស់ខ្លួន ដើម្បីអ៊ុតកៅអីវគ្គបន្ដ ដ្បិតនៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២០ ខែធ្នូខាងមុខ ។ បច្ចុប្បន្នកម្ពុជា រកបាន ៤ពិន្ទុស្មើនឹងក្រុមម៉ាឡេស៊ី ខណៈដែលក្រុមថៃ រកបាន ៩ពិន្ទុ ក្រោយបន្តយកឈ្នះលើក្រុមសិង្ហបុរី ដែលឈរលេខ២ រកបាន ៦ពិន្ទុ ៕