(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធជួរមុខ Marcus Rashford របស់ Manchester United បាននិយាយថា រូបលោកបានត្រៀមខ្លួនរាល់ហើយ ក្នុងការចាកចេញពីទឹកដី Old Trafford ជាទីដែលលោកបានចូលលេងតាំងពីឆ្នាំ២០១៦។ នេះបើយោងតាមាការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។
ការបង្ហើបពីអនាគត ក៏ដូចជាត្រៀមសម្រាប់ការប្រកួតប្រជែងថ្មីនេះដែរ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានចោទជាសំណួរ ជុំវិញអនាគតរបស់លោកក្នុងក្លិប ក៏ដូចជាស្ថិតក្រោមបង្វឹករបស់លោក Ruben Amorim។
កីឡាករអង់គ្លេស វ័យ ២៧ឆ្នាំ Rashford មិនត្រូវបានគ្រូបង្វឹកថ្មីដាក់បញ្ចូលក្នុងប្រកួតទល់នឹងក្រុមការពារតំណែងជើងឯក Manchester City នៃជំនួប Derby ដែលពួកគេបានយកឈ្នះម្ចាស់ផ្ទះ ២-១ នៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន។
កន្លងមកគ្រូបង្វឹកអន្តរជាតិព័រទុយហ្គាល់ Amorim ធ្លាប់បានបញ្ជាក់ថា លោកមិនផ្តោតលើវិន័យ ដើម្បីសម្រេចចិត្តដកកីឡាកររូបណាចេញនោះទេ ក៏ប៉ុន្តែនៅតែសង្ឃឹមថា មានកីឡាករអង់គ្លេសច្រើនឡើងបង្ហាញខ្លួនក្នុងទីលាន ក៏ដូចជាក្រៅទីលានបន្ថែមទៀតដែរ ក្នុងការដឹកនាំប៉ុន្មានដំបូងនេះ។
យ៉ាងណាមិញ Rashford ដែលបានថ្លែងប្រាប់លោក Henry Winter អ្នកសរសេរកីឡាបាល់ទាត់បង្ហោះនៅលើបណ្តាញសង្គម X ថា «ប្រសិនបើខ្ញុំដឹងពីស្ថានភាពដែលអាក្រក់ទៅហើយ ខ្ញុំនឹងមិនបន្តធ្វើឱ្យអាក្រក់ថែមទៀតទេ។ កន្លងមកខ្ញុំបានឃើញពីរបៀបកីឡាករដទៃចាកចេញ ហើយខ្ញុំមិនចង់ធ្វើបែបនោះទេ។ សម្រាប់ខ្ញុំ នៅពេលខ្ញុំចាកចេញ ខ្ញុំនឹងធ្វើសេចក្តីថ្លែងការណ៍មួយចេញពីខ្ញុំតែម្តង»។
គួរបញ្ជាក់ផងថា គិតមកទល់ពេលនេះ Rashford ស៊ុតបាន ១៣៨គ្រាប់ ពីការចូលលេងសរុប ៤២៦ប្រកួតជាមួយ Man Utd គិតចាប់តាំងពីឆ្នាំ២០១៦ ក្នុងនាមជាថ្នាលយុវជនរបស់បិសាចក្រហម។ រដូវកាល ២០២២-២៣ ជារដូវកាលដ៏ជោគជ័យបំផុតសម្រាប់លោកដែលរកបាន ៣០គ្រាប់គ្រប់កម្មវិធី៕