(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបញ្ចេញ iPhone អេក្រង់បត់ដំបូងបង្អស់របស់ខ្លួននៅដើមឆ្នាំ២០២៦ ខាងមុខនេះ បើទោះបីជាមានលទ្ធភាពនៃការពន្យារពេលចេញលក់រហូតដល់ឆ្នាំ២០២៨ ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយ GSMArena។

លោក Mark Gurman មកពី Bloomberg បាននិយាយថា iPhone អេក្រង់បត់នេះអាចចាត់ទុកថាជា «iPad យក្ស ដែលអាចលាតបានទំហំ iPad Pros ដល់ទៅពីរជាប់គ្នា»។ លោកបានគូសបញ្ជាក់ថា Apple បានដំឡើងទំហំអេក្រង់ធំជាងមុនដល់ទៅ ២០អ៊ីង ខណៈដែលទំហំអេក្រង់ដែលរំពឹងទុកពីមុនមានប្រហែល ១៨.៨អ៊ីង នេះបើតាមរបាយការណ៍ចុះផ្សាយកាលពីខែមុន។

គួរជម្រាបថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ដំបូងរបស់ Apple ដែលមិនចំ iPhone និងមិនចំ iPad នេះត្រូវបានគេនិយាយថា វាស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុន Microsoft បានស្រមៃជាមួយ Surface Neo របស់ខ្លួន និងអ្វីដែលក្រុមហ៊ុន Lenovo បានធ្វើជាមួយ Yoga Book 9i របស់ខ្លួន។ ប៉ុន្តែភាពខុសគ្នានោះគឺផ្នែក Hardware គឺថា Apple ចង់បានអេក្រង់តែមួយដែលមិនមានការរំខានជាមួយនឹងកន្លាក់ស្នាមបត់អេក្រង់ដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ពីក្រុមហ៊ុនផ្សេងៗនោះទេ។ ទន្ទឹមនឹងនេះ មានរបាយការណ៍ផ្សេងទៀតក៏បាននិយាយផងដែរថា Apple ក៏កំពុង​សម្លឹង​មើល​ឧបករណ៍​ដែល​មាន​រចនាប័ទ្ម flip-style ​ស្រដៀង​នឹង​ Galaxy Z Flip របស់ Samsung ផងដែរ៕