(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត ដែលទទួលបានងារជាវីរកីឡាករ ក្រោយឈ្នះមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ បានសម្ដែងក្ដីរំភើបរីករាយជាខ្លាំង ក្រោយសម្រេចបំណងដណ្ដើមបានពានកម្រិតពិភពលោក (World Series) ជូនជាតិមាតុភូមិ បន្ទាប់ពីចញ្ចឹមចិត្តចង់បានពាននេះជិត ២០ឆ្នាំកន្លងមក។

ការបង្ហាញនូវមោនទភាពជាតិនេះ បន្ទាប់ពី សាលី អ៊ូមើត បន្ដដឹកនាំសិស្សប្អូន ក៏ដូចជាក្រុមម៉ូតូទឹកកម្ពុជា ចូលរួមការប្រកួតជុំទី៣ ឬជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 នៅប្រទេសថៃ កាលពីថ្ងៃទី១១-១៥ ខែធ្នូកន្លងទៅ ដោយដណ្ដើមបានមេដាយសរុបជាង ១០គ្រឿង អមជាមួយពានកម្រិតពិភពលោក និងពានប្រចាំតំបន់អាស៊ីចំនួន ៨គ្រឿងផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដឹកនាំក្រុមប្រតិភូកីឡាម៉ូតូទឹកកម្ពុជា ដោយនាំមកជាមួយនូវមេដាយ និងពាន មកដល់មាតុភូមិ នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ប្រធានក្រុម សាលី អ៊ូមើត បានបញ្ជាក់ថា «ដូចខ្ញុំធ្លាប់បានសន្យា ខ្ញុំនឹងដឹកនាំក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមពាន World Series ឆ្នាំនេះឲ្យបាន ព្រោះខ្ញុំចង់បានយូរហើយ ។ កាលពីដំបូង ខ្ញុំប្រឡូកក្នុងវិស័យនេះម្នាក់ឯង អត់គ្នា តែពេលនេះ យើងមានគ្នាច្រើន យើងនាំគ្នាហ្វឹកហាត់ និងប្ដេជ្ញារួមគ្នាដណ្ដើមពាននេះជូនជាតិឲ្យខានតែបាន។ ឥលូវនេះ គឺបានដូចក្ដីបំណងរបស់ខ្ញុំហើយ ។ ខ្ញុំពិតជារំភើបមែនទែន ហើយមិនត្រឹមតែបាន ១គ្រឿងទេ គឺបានច្រើនគ្រឿងថែមទៀត»

ម្ចាស់មេដាយស៊ីហ្គេម ឆ្នាំ២០២៣ ដដែលបន្ដថា ក្រោយប្រឡូកអាជីពម៉ូតូទឹកជិត ២ទសវត្សរ៍កន្លងមក ឆ្នាំនេះ គឺជាលើកដំបូងហើយ ដែលខ្លួនបានចូលរួមប្រកួតវិញ្ញាសាកម្រិតខ្ពស់ជាងគេ Pro Sport GP បន្ទាប់ពីខ្លួនចញ្ចឹមចិត្តចង់បានពានកម្រិតខ្ពស់បំផុតនេះជូនជាតិ ។ ដូច្នេះស្របពេលក្រុមម៉ូតូទឹកកម្ពុជា មានជាងមេកានិកល្អ គួបផ្សំពេលវេលាអំណោយផលល្អ ទើបលោកសម្រេចចូលរួមប្រកួតវិញ្ញាសានេះ ហើយធ្វើបានយ៉ាងល្អ តាំងពីជុំដំបូង នៅប្រទេសជប៉ុន ប៉ូឡូញ អាមេរិក រហូតដល់ជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ កាលពីថ្មីៗ។

សាលី អ៊ូមើត បានសង្កត់ធ្ងន់ថា «ឆ្នាំនេះ ខ្ញុំពិតជារំភើបមែនទែន ដែលជាឆ្នាំទី១ ខ្ញុំបានចុះឈ្មោះប្រកួតលើវិញ្ញាសាធំ ដែលជាវិញ្ញាសាកម្រិតខ្ពស់លំដាប់ពិភពលោក ហើយមានកីឡាករទូទាំងពិភពលោកចូលរួម និងចង់បានពាននេះ ។ ក្នុងពាន Sport GP នេះដែរ មិនធ្លាប់មានកីឡាករកម្ពុជា ចុះឈ្មោះចូលរួមប្រកួតលើវិញ្ញាសានេះពីមុនមកទេ ហើយខ្ញុំគឺកីឡាករកម្ពុជាដំបូងគេ ដែលមានឈ្មោះឆ្លាក់លើពាននេះ ។ អ៊ីចឹងខ្ញុំពិតជារំភើប និងមានមោទនភាពខ្លាំងណាស់»។

គួរដឹងថា ចំពោះលទ្ធផលការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ WGP#1 Water Jet World Series 2024 នៅប្រទេសថៃ កាលពីចុងសប្ដាហ៍កន្លងទៅ សម្រាប់ការប្រកួត Jet Ski World Series 2024 (ជុំទី៣) កម្ពុជាដណ្ដើមបានមេដាយមាស ៤ និងប្រាក់ ២ ខណៈការប្រកួត Jet Ski World Cup 2024 កម្ពុជាដណ្ដើមបានមេដាយមាស ១ ប្រាក់ ៥ និងសំរឹទ្ធ ១ ។ សរុបការប្រកួតពីថ្ងៃទី១១-១៥ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ក្រុមកីឡាម៉ូតូទឹកកម្ពុជាដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស ៥ ប្រាក់ ៧ និងសំរឹទ្ធ ១)។

ប៉ុន្ដែអ្វីដែលពិសេស គឺក្រុមកីឡាករម៉ូតូទឹកកម្ពុជា បានទទួលពានរង្វាន់ប្រចាំព្រឹត្តិការណ៍ពិភពលោកនេះជាលើកដំបូង ក្រោយសរុបពិន្ទុការប្រកួត ៣ជុំ(នៅប៉ូឡូញ-អាមេរិក-ថៃ) ដោយវីរកីឡាករ សាលី អ៊ូមើត ទទួលបានពានពិភពលោក World Series Champion ១គ្រឿង និងពានប្រចាំតំបន់អាស៊ី Asian Championship ១គ្រឿង លើវិញ្ញាសា Pro Sport GP ដែលមានអត្តពលិកជាង ៤០ប្រទេសចូលរួម គ្រាដែលសិស្សប្អូន ម៉ីន មូសស្ដាន ទទួលបានពានពិភពលោក World Series Champion ១គ្រឿង និងពានប្រចាំតំបន់អាស៊ី Asian Championship ១គ្រឿង លើវិញ្ញាសា Novice Runabout 1100 stock។

ចំណែកកីឡាករ សាលី ហ្វីលីន ទទួលបានពានពិភពលោក World Series Champion ១គ្រឿង លើវិញ្ញាសា Expert Runabout 1100 Super stock និងពានអាស៊ី Asian Championship ១គ្រឿងលើវិញ្ញាសា Expert Runabout 1100 stock ។ កីឡាករ កៃ វ៉ាន់ស៊ីដែន ទទួលបានពានពិភពលោក World Series Champion ១គ្រឿងលើវិញ្ញាសា Novice Ski Stock និងកីឡាករ ម៉ីន អូស្មាន់ ទទួលបានពានអាស៊ី Asian Championship ១គ្រឿងលើវិញ្ញាសា Novice Ski Stock ផងដែរ។

សម្រាប់ដំណើរមាតុភូមិនិវត្តប្រកបដោយភាពជោគជ័យជាប្រវត្តិសាស្ដ្ររបស់ក្រុមម៉ូតូទឹកកម្ពុជានេះ គេឃើញមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធ និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងថ្នាក់ដឹកនាំសហព័ន្ធ និងអ្នកគាំទ្រមួយចំនួនផងដែរ៕