(បរទេស)៖ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Nanyang Technological University (NTU) ក្នុងប្រទេសសិង្ហបុរី បានបង្កើតវិធីសាស្រ្តប្រកប​ដោយភាពច្នៃប្រឌិត ដើម្បីបង្កើតសត្វកន្លាតឱ្យទៅជា «cyborg» ជាមួយនឹងការបង្កើនសក្តានុពលរបស់ពួកវា​សម្រាប់ប្រតិបត្តិការស្វែងរក និង​ជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតនៅក្រោមគំនរបាក់បែកជាដើម។

របកគំហើញនេះពាក់ព័ន្ធនឹងការភ្ជាប់ឧបករណ៍រំញោចចល័ត និងការទំនាក់ទំនងអេឡិចត្រូនិក​ទៅនឹងសត្វកន្លាត​ក្នុង​ដំណើរការ​ដែល​ចំណាយ​ពេល​ត្រឹមតែ ៦៨វិនាទីប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងវិធីសាស្ត្រពីមុន រហូតដល់ ៣០នាទី ជាមួយនឹងអ្នកជំនាញឯកទេស។

លក្ខណៈសំខាន់ៗនៃប្រព័ន្ធ Cyborg Cockroach៖

- ការផលិត Cyborg Cockroach៖ វិធីសាស្ត្រក្នុងការផលិត Cyborg Cockroach ថ្មីនេះគឺលឿនជាងមុន និងចំណាយពេល​លើស១នាទីប៉ុណ្ដឹង​ប៉ុណ្ណោះ។ របៀបនៃការតភ្ជាប់គឺ​យកនូវឧបករណ៍បច្ចេកវិទ្យាទៅបំពាក់នៅលើខ្នងរបស់សត្វកន្លាត និងប្រើប្រាស់​បច្ចេកវិទ្យា​កុំព្យូទ័រ​ដើម្បី​ធ្វើ​​ស្វ័យប្រវត្តិកម្ម។ វិធីសាស្ត្រថ្មីនេះគឺអាចផលិតសត្វកន្លាត Cyborg បានរាប់រយ ឬរាប់ពាន់ក្បាលយ៉ាងមានប្រសិទ្ធភាព និងប្រើប្រាស់​ពេល​វេលាខ្លី។
- ការ​បញ្ជា​ពី​ចម្ងាយ៖ ឧបករណ៍ដែលបំពាក់នៅលើខ្លួនសត្វកន្លាតគឺជាវានឹងធ្វើការភ្ជាប់ទៅកាន់​ប្រម៉ោយរបស់សត្វកន្លាត ដែលអនុញ្ញាតឱ្យ​​ធ្វើ​ការ​បញ្ជាចលនារបស់វាបានតាមចិត្ត។
- គោលបំណង៖ សត្វកន្លាត Cyborg ត្រូវបានបង្កើតឡើង​ដើម្បីជួយក្នុងការស្ថានភាពគ្រោះមហន្តរាយ ដូចជាការស្វែងរកអ្នកនៅរស់រានមាន​ជីវិត​ដែលជាប់នៅក្រោមគំនរបាក់បែកជាដើម។

ខណៈពេលដែលការផលិតសត្វកន្លាត cyborg ត្រូវបានសម្រួល ពេលនេះអ្នកស្រាវជ្រាវកំពុងផ្តោតលើវិធីគ្រប់គ្រងសត្វល្អិតទាំងនេះ​យ៉ាងមាន​ប្រសិទ្ធភាព។ បញ្ហាប្រឈមនាពេលបច្ចុប្បន្នរួមមាន​ការធានាថា cyborgs ជាច្រើនអាចដំណើរការដោយ​ស្វ័យភាព​ដោយ​គ្មានការគ្រប់គ្រង​ពី​ប្រតិបត្តិករ ដែលមានសារៈសំខាន់សម្រាប់ការដាក់ពង្រាយទ្រង់ទ្រាយធំក្នុងអំឡុងពេលមានអាសន្ន។

ភាពជឿនលឿននេះមិនត្រឹមតែបង្ហាញពីចំណុចប្រសព្វនៃជីវវិទ្យា និងមនុស្សយន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសក្តានុពលសម្រាប់​ដំណោះ​ស្រាយ​ប្រកបដោយភាពច្នៃប្រឌិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលវិធីសាស្ត្របែបបុរាណអាចនឹងខ្វះខាត។

តើអ្វីទៅជា Cyborg?

Cyborg គឺជាសារពាង្គកាយមានជីវិតដែលមានទាំងផ្នែកសរីរាង្គ និងសិប្បនិម្មិត។ ការតភ្ជាប់ផ្នែករវាងសរីរាង្គ និងសិប្បនិម្មិត បានធ្វើឱ្យ​សមត្ថភាពរបស់សរីរាងត្រូវបានពង្រឹង ព្រោះថាផ្នែកសិប្បនិម្មិតដែលបានយកទៅតភ្ជាប់នោះវាគឺជាបច្ចេកវិទ្យាដែលត្រូវបាន​អ្នក​វិទ្យា​សាស្ត្រ​ផលិតឡើងដើម្បីស្ដារមុខងារ និងពង្រឹងសមត្ថភាពរបស់ផ្នែកសរីរាង្គដែលបានតភ្ជាប់។ ទាំងផ្នែកសរីរាង្គ និងសិប្បនិម្មិតគឺអាចរស់នៅជាមួយ​គ្នា​ជាប្រចាំថ្ងៃបាន៕