(ភ្នំពេញ)៖ គណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលមានលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជាប្រធាន បានបើកកិច្ចប្រជុំលើកដំបូង ដើម្បីអនុញ្ញាតឲ្យសមាជិកទាំងអស់ បានស្គាល់គ្នា និងបែងចែកតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួន ដើម្បីពង្រឹងការអនុវត្តសកម្មភាពការងារសិក្សាស្រាវជ្រាវ និងចងក្រងទុកជាឯកសារសម្រាប់មនុស្សជំនាន់ក្រោយបានស្វែងយល់ ស្របតាមគំនិតផ្ដួចផ្ដើម និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍ និងជាប្រធានអនុគណៈកម្មការប្រតិបត្តិ នៃគណៈកម្មការខាងលើ បានថ្លែងក្រោយកិច្ចប្រជុំ នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា កិច្ចប្រជុំលើកដំបូងនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗមួយចំនួន ពិសេសជំរុញការស្គាល់គ្នា ក៏ដូចជាពិនិត្យលើឯកសារផ្សេងៗ ដែលបានរៀបចំមួយចំនួន និងការងារបន្ដ ដែលសមាជិកគណៈកម្មការទាំងអស់ត្រូវដឹង និងអនុវត្ត ពិសេសក្រុមជំនុំស្រាវជ្រាវមរតកយុទ្ធគុនខ្មែរបុរាណ ដែលបានពិភាក្សាលើការរៀបចំ អនុម័តលើឯកសារសំខាន់ៗចំនួន ២ រួមមាន៖

១-ការរៀបចំក្រមសីលធម៌របស់ក្រុមជំនុំ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរៀបចំឲ្យមានភាពច្បាស់លាស់អំពីមនសិការរបស់សមាជិករបស់ក្រុមជំនុំ ដើម្បីធ្វើយ៉ាងណាឲ្យលទ្ធផល ឬដំណើរការ នៃការរៀបចំរុករក និងស្រាវជ្រាវរកនេះ មានភាពស្មោះត្រង់ក្នុងការបំពេញការងារ មានស្មារតីក្រុមការងារបានល្អ ហើយជំរុញទឹកចិត្ដសមាជិកទាំងអស់ តាមជំនាញនីមួយៗ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្តទៅនៃក្រុមជំនុំនេះ ប្រកបទៅដោយសុខដុមនីយកម្មក្នុងការងារបឋមរបស់ខ្លួន។

២-សម្រេចទៅលើការបែងចែកតួនាទីភារកិច្ចទៅតាមអ្នកស្រាវជ្រាវ ដែលមានលក្ខណៈសម្បត្តិផ្សេងៗគ្នា រួមមានអ្នកស្រាវជ្រាវ ផ្នែកខាងប្រវត្តិវិទូ សិលាចារឹក ប្រវត្ដិសាស្ដ្រ ភាសាបរទេស និងជំនាញផ្សេងៗ គឺត្រូវបែងចែកឲ្យធ្វើការងាររៀងៗខ្លួន ដើម្បីធ្វើឲ្យការសិក្សាស្រាវជ្រាវមានប្រសិទ្ធភាព និងបានប្រមូលនូវធាតុផ្សំពីការសិក្សាស្រាវជ្រាវនេះ មកចងក្រងឲ្យក្លាយជាគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរកើតឡើង ដែលមានគុណតម្លៃវប្បធម៌ជាតិខ្ពស់ សម្រាប់តម្កល់ទុកជាឯកសារសិក្សា ឬក៏ឯកសារមរតក ដែលយើងហៅថា ជាឯកសាររតនសម្បត្តិរបស់ជាតិ សម្រាប់ទៅថ្ងៃអនាគតផង។

ការអនុម័តលើគោលការណ៍ ២ចំណុចខាងលើនេះ ត្រូវបានសម្រេច ។ លើសពីនេះ ថ្នាក់ដឹកនាំគណៈកម្មការដដែល នឹងខិតខំប្រឹងប្រែងក្នុងការរៀបចំផែនការយុទ្ធសាស្ដ្រ និងផែនការសកម្មភាពរបស់ក្រុមជំនុំ ក៏ដូចជាកំណត់នូវរបៀបរបបធ្វើការងារនេះឲ្យទទួលបានជោគជ័យនៅដំណាក់កាលចុងក្រោយ ស្របតាមអនុសាសន៍ណែនាំ និងជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងដំណើរឆ្ពោះទៅរកអភិក្រមមួយ ដែលមានក្រឹតក្រម និងគោលដៅដ៏ច្បាស់លាស់។

លោក វ៉ាត់ ចំរើន គូសបញ្ជាក់ថា «សម្ដេចបវរធិបតី បានមានប្រសាសន៍ហើយថា ត្រូវធ្វើសកម្មភាព ទាំងការរៀបចំការប្រកួត និងសកម្មភាពនៃការរៀបចំក្រុមជំនុំស្រាវជ្រាវយុទ្ធគុនខ្មែរបុរាណ ឲ្យបានពិតប្រាកដ ថាអ្វីៗទាំងអស់ យើងប្រមូលព្រលឹងជាតិរបស់យើង ឬក៏ធាតុផ្សំនៃព្រលឹងជាតិរបស់យើង ដែលបែកបាក់ និងបំភ្លេចចោលនោះ ប្រមូលមកវិញ និងរៀបចំចងក្រងឡើងវិញ ។ អនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ គឺជាឧត្ដមគតិមួយ ដ៏ជ្រាលជ្រៅសម្រាប់យើងទាំងអស់គ្នា ក្នុងនាមកូនខ្មែរ និងជាក្រុមជំនុំជាលើកទី១ ហើយ ដែលទទួលបាននូវការគាំទ្រ និងការឧបត្ថម្ភគាំទ្រពេញទំហឹងពីសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ហើយយើងទាំងអស់គ្នា នឹងខិតខំធ្វើការងារនេះឲ្យបានសម្រេច»។

ទន្ទឹមជាមួយការចាប់ផ្ដើមសកម្មភាព ប្រកបដោយថាមពល និងសញ្ញាណវិជ្ជមាននេះដែរ ក្នុងនាមអ្នកដឹកនាំអនុគណៈកម្មការប្រតិបត្តិ លោក វ៉ាត់ ចំរើន បន្ថែមទៀតថា មានការងារជាច្រើន ដែលត្រូវរៀបចំ និងអនុវត្ត ដ្បិតការសិក្សាស្រាវជ្រាវ មានវិសាលភាពទូលំទូលាយ និងបើកជំហរសម្រាប់ប្រជាពលរដ្ឋ ព្រះសង្ឃ និងនិស្សិត ហើយដើម្បីប្រមែប្រមូលបាននូវធាតុផ្សំផ្សេងៗ ក្រុមជំនុំស្រាវជ្រាវមរតកយុទ្ធគុនដូនតាខ្មែរ នឹងមានរៀបចំក្រុមសិក្សាទាំងក្នុង និងក្រៅស្រុក រហូតដល់អតីតដែនដីអាណាចក្រខ្មែរ និងនៅបរទេសថែមទៀតផង។

សូមបញ្ជាក់ថា គណៈកម្មការស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ត្រូវបានរាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចបង្កើត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានលោកបណ្ឌិត ថោង ខុន ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិកសរុបចំនួន ១៨នាក់ ហើយគណៈកម្មការដដែល មានអនុគណៈកម្មការប្រតិបត្តិមួយជាសេនាធិការសម្រាប់ដំណើរការងាររបស់ខ្លួន ដែលមានសមាជិកសរុបចំនួន ២៣នាក់ ។ សម្រាប់អនុគណៈកម្មការប្រតិបត្តិទៀតសោត មានភារកិច្ចសំខាន់ៗចំនួន ៧ចំណុច រួមមាន៖

១-រៀបចំក្រុមជំនុំស្រាវជ្រាវមរតកយុទ្ធគុនខ្មែរបុរាណ ដើម្បីចងក្រងឯកសារ និងរៀបចំគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរឲ្យមានឯកសារផ្ទៃក្នុងជាតិ។
២-សិក្សាស្រាវជ្រាវ រុករកប្រភពឯកសារ ឧបករណ៍ សម្ភារៈយុទ្ធគុន ចម្លាក់ ប្រភពមនុស្សរស់ដែលមានព័ត៌មានសិល្បៈក្បាច់គុនខ្មែរបុរាណ និងមរតកមនុស្សរស់នៅគ្រប់ទីកន្លែងនៅកម្ពុជា អតីតចករភពខ្មែរ និងនៅបរទេសតាំងពីបុរាណអស់កាលដ៏យូរលង់។
៣-ចងក្រងសិល្បៈយុទ្ធគុនខ្មែរ រួមទាំងក្បួនប្រយុទ្ធ ក្បួនសិល្បៈសង្គ្រាមបុរាណ យ័ន្ន មន្ដអាគមគាថា យុទ្ធោបករណ៍ ដើម្បីរក្សា និងចម្លងទុក ដោយប្រុងប្រយ័ត្ន ឲ្យមាននិរន្ដរភាព និងរក្សាកំណត់ត្រា និងបណ្ណសារ។
៤-ស្រាវជ្រាវ នវានុវត្ត និងអភិវឌ្ឍសិល្បៈប្រយុទ្ធខ្មែរបុរាណប្រកបដោយលក្ខណៈវិទ្យាសាស្ដ្រ។
៥-រៀបចំឯកសារបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីក្បួនយុទ្ធគុនខ្មែរបុរាណ និងទំនើបដល់សាធារណៈជន។
៦-សហការជាមួយនឹងក្រសួង ស្ថាប័ន ព្រមទាំងធ្វើសហប្រតិបត្តិការកម្រិតជាតិ និងអន្ដរជាតិ ដើម្បីស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលក្បួនយុទ្ធគុនខ្មែរបុរាណ។
៧-រៀបចំឯកសារយុទ្ធគុនខ្មែរបុរាណស្នើសុំចុះក្នុងបញ្ជីបេតិកភណ្ឌអរិបីថ្នាក់ជាតិ និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ស្របតាមច្បាប់ និងបទបញ្ញាត្តិជាធរមាន៕