(បរទេស)៖ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) បានសម្រេចនៅថ្ងៃអង្គារសប្តាហ៍នេះថា ស្មាតហ្វូនដែលផលិតដោយក្រុមហ៊ុន Motorola Mobility ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lenovo បានរំលោភលើប៉ាតង់ដែលកាន់កាប់ដោយ Ericsson ហើយអាចឈានដល់ការហាមប្រាមលើការនាំចូលរបស់សហរដ្ឋអាមេរិក ប្រសិនបើការសម្រេចចិត្តត្រូវបានរក្សាទុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ចៅក្រម ITC បានធ្វើសេចក្តីសម្រេចដំបូងដោយបញ្ជាក់ថា ស្មាតហ្វូនរបស់ក្រុមហ៊ុន Lenovo រំលោភលើសិទ្ធិប៉ាតង់របស់ក្រុមហ៊ុន Ericsson ដែលទាក់ទងនឹងបច្ចេកវិទ្យាឥតខ្សែ 5G ។ សេចក្តីសម្រេចនេះ តំណាងឱ្យការទទួលជ័យជម្នះបឋមសម្រាប់ក្រុមហ៊ុន Ericsson ក្នុងជម្លោះអាជ្ញាប័ណ្ណប៉ាតង់អន្តរជាតិដែលកំពុងបន្តជាមួយក្រុមហ៊ុន Lenovo ដែលមានមូលដ្ឋាននៅប្រទេសចិន។ បន្ថែមពីនេះ វាក៏ជាការតស៊ូនៃជម្លោះផ្លូវច្បាប់ដែលកំពុងបន្តរវាងក្រុមហ៊ុនទាំងពីរ ដែលរួមបញ្ចូលផងដែរនូវបណ្តឹងនៅក្នុងយុត្តាធិការផ្សេងៗដូចជាអាមេរិកខាងត្បូង, ចក្រភពអង់គ្លេស និងរដ្ឋ North Carolina។
យ៉ាងណា ជុំវិញព័ត៌មានលម្អិតទាក់ទិននឹងរបាយការណ៍នេះ អ្នកនាំពាក្យក្រុហ៊ុនទាំងពីរ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពី Reuters នោះទេ។
គួរជម្រាបថា ក្រុមហ៊ុន Ericsson បានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅកាន់ ITC ដែលមានមូលដ្ឋានៅទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុន ដោយចោទប្រកាន់ថា ស្មាតហ្វូនពីក្រុមហ៊ុន Motorola ដែលរួមមានម៉ូដែល Moto G, Edge និង Razr បានរំលោភលើប៉ាតង់ 5G របស់ខ្លួន ខណៈពេលនោះ Lenovo បានចេញមុខបដិសេធភ្លាមៗ។ ទាក់ទិននឹងការសម្រេចខាងលើនេះ នៅមិនទាន់ដឹងថាទៅជាយ៉ាងណាឱ្យពិតប្រាកដនោះទេ ប៉ុន្តែប្រភពបានគូសបញ្ជាក់ថា Ericsson ធ្លាប់បានឈ្នះលើបណ្តឹងដូចគ្នានេះ ដោយបានហាមប្រាមការលក់ស្មាតហ្វូនក្រុមហ៊ុន Lenovo នៅក្នុងប្រទេសប្រេស៊ីល និងកូឡុំប៊ី៕