(ភ្នំពេញ)៖ ខ្សែភាពយន្តរឿង «ព្រានស្នេហ៍ ឬ Bad Boy» ដែលជាប្រភេទខ្សែភាពយន្តខ្មែរ បែបមនោសញ្ចេតនា ស្នេហាយុវវ័យ និងកំប្លែង ត្រូវបានប្រារព្ធពិធីបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅរោងភាពយន្ត Major Cineplex Aeon Mean Chey ក្រោមវត្តមានផលិតករ, តារាសម្ដែងក្នុងភាពយន្ត និងទស្សនិកជនជាច្រើននាក់។
លោក ជុំ សុភា អ្នកដឹកនាំភាពយន្តរឿង «ព្រានស្នេហ៍ ឬ Bad Boy» បានលើកឡើងថា រឿង «ព្រានស្នេហ៍ ឬ Bad Boy» ផលិតឡើងមិនត្រឹមតែផ្តល់នូវការកម្សាន្ត ទៅដល់ទស្សនិកជនប៉ុណ្ណោះទេ តែក៏ជាការផ្តល់ជាគំនិតទៅដល់មិត្តយុវវ័យខ្មែរយើង ឱ្យពួកគេបានយល់អំពីតម្លៃនៃសេចក្តីស្រឡាញ់ និងភាពឆ្លាតវៃក្នុងការបញ្ចេញនូវអារម្មណ៍ស្រឡាញ់របស់ខ្លួន ក៏ដូចជាទទួលនូវសេចក្តីស្រឡាញ់ពីនរណាម្នាក់ និងកុំចាត់ទុកស្នេហាជាល្បែងសម្រាប់លេងសើចចង់ឈ្នះចង់ចាញ់គ្នា។
លោកបានបន្ថែមទៀតថា ភាពយន្តនេះ ក៏បានចូលរួមចំណែកលើកម្ពស់វិស័យទេសចរណ៍ជាតិ ដែលជាវិស័យដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិយើងទាំងមូល តាមរយៈការផ្តិតយកនូវទីកន្លែងទេសចរណ៍ ដ៏ស្រស់ស្អាតនានានៅក្នុងតំបន់កោះរ៉ុង ក្នុងខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាយើង។ សូមប្រជាជនខ្មែរយើង ជួយគាំទ្រ និងធ្វើដំណើរកម្សាន្តទៅកាន់ទីរមណីយដ្ឋានក្នុងស្រុកយើង ឱ្យបានផុសផុលថែមទៀត ដើម្បីឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាជនខ្មែរយើងបានល្អប្រសើរឡើង។
ខ្សែភាពយន្តរឿង «ព្រានស្នេហ៍ ឬ Bad Boy» គឺជាប្រភេទខ្សែភាពយន្តខ្មែរ បែបមនោសញ្ចេតនា ស្នេហាយុវវ័យ និងកំប្លែង ដែលសាច់រឿងនេះបានបង្ហាញពីបេសកម្មរបស់តួអង្គប្រុស ដារ៉ុង (ដែលសម្តែងដោយ លោក សុខសាន់នី) ក្នុងការតាមញ៉ែតួអង្គស្រីឱ្យបានក្នុងយៈពេល៧ថ្ងៃ។ ខ្សែភាពយន្តនេះ លើកឡើងពីប្រវត្តិស្នេហាមួយ ដែលកើតចេញពីការភ្នាល់គ្នារវាង ដារ៉ុង និងមិត្តសំលាញ់របស់ខ្លួន គឺធ្វើយ៉ាងណាដើម្បីតាមញ៉ែតួអង្គស្រីដែលមានឈ្មោះថា ភួង ដែលជានារីស៊ីវីល័យដ៏ស្រស់ស្អាត ឆ្នាស់ និងមានចិត្តរឹងដូចដែក ឱ្យបានក្នុងយៈពេល៧ថ្ងៃ។ ការភ្នាល់គ្នានេះ ធ្វើឡើងនៅក្នុងពិធីខួបកំណើតមួយ ដែលតួអង្គ ដារ៉ុង បានជួបជាមួយ តួអង្គស្រី ភួង ជាលើកដំបូង។ ចំណែក ដារ៉ុង ដែលរាល់គ្នាស្គាល់ថា ជាបុរសសម្បូរស្នេហ៍ មានសំដីផ្អែម និងជាព្រានស្នេហ៍ជោគជ័យមិនដែលចាញ់ ថាតើអាចស៊ូ និងយកឈ្នះចិត្តរបស់ ភួង បានជោគជ័យ ឬយ៉ាងណា ចម្លើយទាំងនេះ នឹងបង្ហាញនៅក្នុងខ្សែភាពយន្តរឿង «ព្រានស្នេហ៍ ឬ Bad Boy»។
ខ្សែភាពយន្តរឿង «ព្រានស្នេហ៍ ឬ Bad Boy» ត្រូវបាននិពន្ធ និងផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ដោយផលិតកម្ម «អេហ្សិត អ៊ីនធឺធេនមិន» (AZ Entertainment) និងផលិកម្ម «រាហ៊ូ ប្រូដាក់សិន» (Reahu Production) ដែលភាពយន្តនេះគឺជាប្រភេទរឿងខ្មែរ ផលិតដោយផលិតករជនជាតិខ្មែរ តួសម្តែងសុទ្ធសឹងជាយុវជន និងយុវនារីខ្មែរ ដែលពេញដោយទេពកោសល្យក្នុងការសម្តែងយ៉ាងស័ក្តិសម។
នៅក្នុងសាច់រឿងមួយនេះ គឺមានគ្រប់រសជាតិនៃជីវិតយុវវ័យ ដែលភ្លើតភ្លើនជាមួយនឹងស្នេហា មានទាំងឈុតឆាកបែបមនោសញ្ចេតនា ទាំងកំប្លែង ទាំងរន្ធត់ ទាំងការចោទជាចម្ងល់ និងឈុតឆាកកំសត់។ ជាសាច់រឿងដ៏ជក់ចិត្តដិតអារម្មណ៍ តាំងពីចាប់ផ្តើមរឿងរហូតដល់វគ្គបញ្ចប់សាច់រឿង សំខាន់នៅវគ្គបញ្ចប់នៃសាច់រឿង នៅតែធ្វើឱ្យទស្សនិកជនមានចម្ងល់ និងចង់ដឹងពីសាច់រឿងជាបន្តទៀត។
អ្វីដែលកាន់តែពិសេសនោះ គឺអ្នកនិពន្ធ និងអ្នកដឹកនាំថតរឿង «ព្រានស្នេហ៍ ឬ Bad Boy» បាននាំអារម្មណ៍ទស្សនិកជន ឱ្យប្លែកអារម្មណ៍បន្ថែមទៀត គឺបន្ថែមពីលើជីវិតដ៏ស៊ីវីល័យនាពេលរាត្រីរបស់យុវវ័យសម័យថ្មី និងទិដ្ឋភាពនៅក្នុងទីក្រុងភ្នំពេញដ៏ស្រស់ឆើតឆាយហើយនោះ ក៏មានការបញ្ចូលនូវទស្សនីយភាពដ៏ស្រស់ត្រកាល នៃទីរមណីយដ្ឋានបែបធម្មជាតិនៅក្នុងស្រុកមួយកន្លែងទៀត គឺនៅទីក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ។
ភាពយន្តនេះ ក៏នឹងត្រូវចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះតទៅ នៅគ្រប់រោងភាពយន្តនៅក្នុងប្រទេសកម្ពុជា។ កុំភ្លេចមកជួយគាំទ្រខ្សែភាពយន្តខ្មែររឿង «ព្រានស្នេហ៍ ឬ Bad Boy» ឱ្យបានច្រើនកុះករទាំងអស់គ្នា មួយរឿងនេះពិតជាមិនធ្វើឱ្យទស្សនិកជនខកបំណងឡើយ ពោលគឺមានគ្រប់រសជាតិនៃជីវិតតែម្តង!៕