(ភ្នំពេញ)៖ ធនាគារ វីង មានសេចក្តីសោមនស្សរីករាយ ដែលបានសហការជាមួយសាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ក្នុងឱកាសអបអរសាទរខួប ២០ឆ្នាំ នៃការបង្កើតសាលានេះឡើង ក៏ដូចជារៃអង្គាសថវិកា ដើម្បីទ្រទ្រង់ស្ថាប័នចំនួនពីរ គឺមន្ទីរពេទ្យគន្ធបុប្ឆា និងកាកបាទក្រហមកម្ពុជា។ កិច្ចសហការនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេ របស់ធនាគារ វីង សំដៅជួយគាំទ្រសុខុមាលភាពសហគមន៍ ក៏ដូចជាលើកកម្ពស់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលផ្តល់នូវផលវិជ្ជមានទៅដល់សង្គមទាំងមូល។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ទទួលបានអ្នកចូលរួមប្រមាណ ៤.០០០នាក់ អញ្ជើញមកពីគ្រប់មជ្ឈដ្ឋាន មានទាំងអ្នករត់មានបទពិសោធន៍ ក៏ដូចជារត់កម្សាន្តជាលក្ខណៈក្រុមគ្រួសារ។ ព្រឹត្តិការណ៍រត់ដែលមានចម្ងាយ៤គីឡូម៉ែត្រនេះ បានបង្កើតនូវបរិយាកាសដ៏ស្វាហាប់ និងរីករាយបំផុតដែលផ្តល់ឱកាស នូវការជួបជុំគ្នានៅក្នុងសហគមន៍ដើម្បីជួយទ្រទ្រង់បុព្វហេតុដ៏សំខាន់នេះ។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានបង្ហាញចំណាប់អារម្មណ៍ពីសារៈសំខាន់ នៃព្រឹត្តិការណ៍នេះដោយលើកឡើងថា «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ គឺជាកម្មវិធីដ៏ល្អមួយមួយដើម្បីលើកកម្ពស់សុខុមាលភាពរាងកាយ ក៏ដូចជាសាមគ្គីភាពនៅក្នុងសហគមន៍។ ព្រឹត្តិការណ៍នេះ គឺស្របតាមបេសកកម្មរបស់ធនាគារ វីង ដើម្បីបង្កើតផលវិជ្ជមានយូរអង្វែងសម្រាប់សហគមន៍។ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមអបអរសាទរខួប២០ឆ្នាំ នៃឧត្តមភាពលើវិស័យអប់រំរបស់សាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ ក៏ដូចជាការរួមចំណែកជាបន្តបន្ទាប់របស់សាលាចំពោះវិស័យអប់រំ និងបុព្វហេតុសង្គមនៅក្នុងប្រទេសកម្ពុជា»។
ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌នេះ គឺលើសពីការរត់កម្សាន្តដើម្បីសុខភាព តែក៏ជាការប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរនូវភាពលេចធ្លោក្នុងវិស័យអប់រំ និងការរួចំណែកជួយទៅដល់សហគមន៍របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ផងដែរ។ បន្ថែមពីលើការរត់កម្សាន្ត អ្នកចូលរួមទទួលបាននូវភាពរីករាយ ជាមួយសកម្មភាពគ្រួសារជាច្រើន រួមទាំងស្តង់លេងហ្គេមកម្សាន្ត ការសម្តែងតន្រ្តី និងរបាំ ពីកុមារា-កុមារីដែលមានទេព្យកោសល្យ ការគូរមុខ និងការចាប់រង្វាន់ជាច្រើនទៀតផងដែរ។ ស្តង់របស់ធនាគារ វីង ក៏បានរៀបចំទីនោះ ដើម្បីផ្តល់នូវការប្រឹក្សាយោបល់សេវាហិរញ្ញវត្ថុ និងព័ត៌មានផ្សេងៗទៀតទៅដល់អតិថិជនផងដែរ។
មូលនិធិដែលរៃអង្គាសបានពីកម្មវិធីនេះ នឹងត្រូវយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា ដែលឆ្លុះបញ្ចាំងពីគុណតម្លៃរួមគ្នារបស់សាលាអន្តរជាតិ ស៊ីអាយអេ ហ្វឺសត៍ និងធនាគារ វីង ក្នុងការគាំទ្រសុខភាព និងសុខុមាលភាពសហគមន៍កម្ពុជា។ កិច្ចសហការនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរួមគា្ន ដើម្បីបង្កើតបាននូវផលវិជ្ជមានជាផ្លែផ្កា ចំពោះអាយុជីវិតពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។
ធនាគារ វីង តែងតែប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គមរហូតមក ដោយបានចូលរួមយ៉ាងសកម្ម ជាមួយគំនិតផ្តួចផ្តើមជាច្រើនដែលគាំទ្រទៅដល់វិស័យសុខាភិបាល និងការអភិវឌ្ឍនៅក្នុងសហគមន៍ជាដើម។
គំនិតផ្តួចផ្តើមទាំងនោះរួមមាន ការរៀបចំព្រឹត្តិការណ៍រត់ដើម្បីកុមារកម្ពុជា, ការឧបត្ថម្ភទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ ព្រមទាំងឧបត្ថម្ភព្រឹត្តិការណ៍សប្បុរសធម៌ជាច្រើនទៀតដូចជា ព្រឹត្តិការណ៍ដើរដើម្បីសប្បុរសធម៌ចម្ងាយ ២៥០គីឡូម៉ែត្រតាមបណ្តោយទន្លេមេគង្គ និងការឧបត្ថម្ភទៅដល់អង្គការបាល់ទាត់រីករាយកម្ពុជា-អូស្ត្រាលី ដែលជួយទៅដល់យុវជនក្រីក្រ នៅក្នុងខេត្តសៀមរាបឱ្យមានលទ្ធភាពចូលរួម នៅក្នុងសកម្មភាពបាល់ទាត់ដែលមានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានសុវត្ថិភាព។ បន្ថែមពីលើនេះ ធនាគារ វីង ក៏បានសហការជាមួយ ក្លឹបបាល់ទាត់បឹងកេត និងចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ជិះកង់ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជាផងដែរ។
តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ ធនាគារ វីង នៅតែបន្តខិតខំប្រឹងប្រែងក្នុងការពង្រឹងស្មារតីនៅក្នុងសហគមន៍ ការលើកកម្ពស់សុខុមាលភាព និងនាំមកនូវវឌ្ឍនភាពសង្គមកាន់តែប្រសើរ នៅទូទាំងប្រទេសកម្ពុជា៕