(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងបញ្ជូនកីឡាករ ៣រូបទៀត ទៅប្រកួតលក្ខណៈមិត្តភាព និងដណ្ដើមខ្សែក្រវាត់ នៅទីក្រុង Liverpool នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ ខណៈប្រធានសហព័ន្ធលោក ខូវ ឆាយ រំពឹងបេសកកម្មលើកទី២ នៅចក្រភពអង់គ្លេសនេះ នឹងជំរុញភាពល្បីល្បាញ និងធ្វើឲ្យពិភពលោកស្គាល់តែច្បាស់ពីភាពអស្ចារ្យនៃមរតកក្បាច់គុនបុរាណខ្មែរនេះ។
ការបង្ហាញសុទិដ្ឋិនិយមរបស់ប្រធានសហព័ន្ធខាងលើ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅចក្រភពអង់គ្លេស កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដោយមានការគាំទ្រពីវិស័យឯកជនផងដែរ។ អ្នកលេងគុនខ្មែរ ៣រូប ដែលត្រូវទៅប្រកួតនៅទីក្រុង Liverpool នេះ រួមមានកីឡាករ ហុង សុវណ្ណច័ន្ទសុធី, ធន់ ស៊ីហុង និងកីឡាករ សោម វិច្ឆ័យ។
លោក ខូវ ឆាយ បានបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលកីឡាករគុនខ្មែរ បានចេញទៅប្រកួតនៅអង់គ្លេស ហើយបេសកកម្មនេះ បានផ្ដល់នូវគុណតម្លៃ និងឲ្យប្រជាពលរដ្ឋលើពិភពលោកបានឃើញពីភាពអស្ចារ្យនៃប្រដាល់គុនខ្មែរ ដ្បិតមួយរយៈពេលចុងក្រោយនេះ ប្រដាល់គុនខ្មែរ ត្រូវបាននាំយកទៅផ្សព្វផ្សាយយ៉ាងច្រើននៅក្រៅប្រទេស ដូចជានៅប្រទេសចិន កូរ៉េ ជប៉ុន អូស្ដ្រាលី បារាំង និងអង់គ្លេស ខណៈនាដើមឆ្នាំក្រោយ សហព័ន្ធមានគម្រោងបញ្ជូនទៅច្រើនប្រទេសទៀត ដូចជាបារាំង អេស្ប៉ាញ និងអាមេរិកជាដើម។
លោកបន្ដថា ការចេញទៅប្រកួតនៅចក្រភពអង់គ្លេស ជាលើកទី២ នេះ គឺជាការផ្តល់តម្លៃ និងគេបានឃើញពីភាពអស្ចារ្យនៃប្រដាល់គុនខ្មែរ។ យើងដឹងហើយថា កីឡាករនៅតំបន់អឺរ៉ុប សុទ្ធសឹងតែជាអ្នកខ្លាំងពូកែ ដោយសារតែកីឡានៅទីនោះ មានភាពជឿនលឿន ដូច្នេះពេលខ្លះ ទោះបីជាការប្រកួតឈ្នះក្តី ឬចាញ់ក្តី ក៏ជាឱកាសរបស់វិស័យកីឡាប្រដាល់គុនខ្មែររបស់យើង ក្នុងការចេញទៅផ្សព្វផ្សាយឲ្យទូលំទូលាយនូវប្រភេទក្បាច់គុនមរតកដូនតាខ្មែរទៅកាន់ពិភពលោក»។
យោងតាមការបញ្ជាក់របស់មន្ដ្រីដឹកនាំ និងរៀបចំការប្រកួតនេះ សម្រាប់បេសកកម្មគុនខ្មែរ នាទីក្រុង Liverpool ចុងសប្ដាហ៍នេះ ក្នុងចំណោមអ្នកលេងគុនខ្មែរ ៣រូប មានម្នាក់ត្រូវប្រកួតមិត្តភាព និង ២នាក់ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់។ ចំពោះបេក្ខភាពដណ្ដើមខ្សែក្រវាត់ គឺកីឡាករ ធន់ ស៊ីហុង ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ MTGP ជាមួយកីឡាករអង់គ្លេស Jamie Williamson ក្នុងទម្ងន់ ៥៧គីឡូក្រាម និងកីឡាករ សោម វិច្ឆ័យ ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ MTGP ជាមួយកីឡាករអង់គ្លេស Anthony Deary ក្នុងទម្ងន់ ៦៣,៥គីឡូក្រាម។ រីឯកីឡាករ ហុង សុវណ្ណច័ន្ទសុធី នឹងត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួកីឡាករអង់គ្លេស Kory Chettle ក្នុងទម្ងន់ ៦១គីឡូក្រាម៕