(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បាននិយាយថា សេវាអ៊ីនធឺណេតផ្កាយរណប Starlink គឺអសកម្មនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមានការរឹបអូសឧបករណ៍ Starlink ចំនួនពីរកាលពីប៉ុន្នានសប្តាហ៍ថ្មីៗនេះ។ នេះគឺជាការអត្ថាធិប្បាយជាលើកដំបូងរបស់ Musk ខណៈឧបករណ៍ទាំងនេះត្រូវបានរកឃើញពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងឧបទ្ទវហេតុថ្មីៗនេះពាក់ព័ន្ធនឹងក្រុមបះបោរនៅម៉ានីពួរ និងការរឹបអូសពីមុនដែលពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀននៅជិតកោះ Andaman ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងករណីនេះ កាលដើមខែធ្នូ ប៉ូលីសឥណ្ឌា បានបើកការស៊ើបអង្កេតដោយស្នើសុំក្រុមហ៊ុនអ៊ីនធឺណិតផ្កាយរណប Starlink របស់លោក Elon Musk ផ្តល់ព័ត៌មានលម្អិត ស្ដីពីអតិថនដែលបានទិញឧបករណ៍អ៊ីនធឺណិតរបស់ខ្លួនយកទៅប្រើប្រាស់ ក្រោយពីសមត្ថកិច្ចឥណ្ឌា រឹបអូសបានគ្រឿងញៀនមេតំហ្វេតាមីន (Methamphetamine) មានតម្លៃរហូតដល់ទៅជាង ៤ពាន់លានដុល្លារ ដែលជាករណីរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រឥណ្ឌា។ ប៉ូលីសឥណ្ឌាសង្ស័យថា Starlink ត្រូវបានក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់នាវាចរណ៍ ឬការស្ទង់មើលទិសដៅនៅសមុទ្រអំឡុងប្រតិបត្តិការរត់ពន្ធ។
គួរជម្រាបថា Musk បានបង្ហោះសារនៅលើ X នៅល្ងាចថ្ងៃអង្គារថា «ធ្នឹមផ្កាយរណប Starlink ត្រូវបានបិទនៅប្រទេសឥណ្ឌា» ហើយវា «មិនមែនជាកន្លែងដែលមានបញ្ហាដំបូងនោះទេ»។ ខណៈសារនេះ គឺជាការឆ្លើយតបទៅនឹងការចោទប្រកាន់ដែលបង្ហាញថាឧបករណ៍ Starlink ត្រូវបានប្រើប្រាស់ដោយក្រុមបះបោរនៅក្នុងរដ្ឋ Manipur ដែលពោរពេញដោយជម្លោះ ដែលកងទ័ពឥណ្ឌាបានធ្វើប្រតិបត្តិការស្វែងរកកាលពីថ្ងៃទី១៣ ខែធ្នូ នឹងបានរឹបអូសឧបករណ៍ដែលពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម រួមទាំងអាវុធ និងគ្រាប់រំសេវ។ Musk បានបញ្ជាក់ថា Starlink កំពុងស្វែងរកការយល់ព្រមក្នុងប្រទេសឥណ្ឌា ដើម្បីផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណបឡើងវិញ ហើយក្រុមហ៊ុនកំពុងព្យាយាមដោះសា្រយរាល់បញ្ហាសុវត្ថិភាពទាំងអស់ទាក់ទងនឹងបញ្ហានេះ៕