(ម៉ូណាកូ)៖ កីឡាករចាំទី Gianluigi Donnarumma របស់ក្លិប Paris Saint-Germain បានរងរបួសដេរ ១០ថ្នេរនៅលើផ្ទៃមុខ ក្រោយពេលប៉ះទង្គិចជាមួយកីឡាករ Wilfried Singo របស់ក្រុមម្ចាស់ផ្ទះ Monaco នាយប់មិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា តារា Euro 2020 ជាមួយអ៉ីតាលីខាងលើនេះ ត្រូវបានបង្ខំចិត្តប្តូរចេញភ្លាមៗផងដែរ ដោយជំនួសមកវិញ Matvey Safonov ក្នុងនាទី២២ ដ្បិតក្រុមទាំងពីរកំពុងរក្សាលទ្ធផលស្មើគ្នា ០-០ គ្រាដែល Singo មិនត្រូវបានពិន័យអ្វីឡើយ ជាមួយនឹងកំហុសដោយអចេតនាក្នុងប្រកួតក្របខណ្ឌ Ligue 1 របស់បារាំង។

ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Stade Louis-II នោះដែរ កីឡាករ Desire Doue ជាអ្នករកបានគ្រាប់បែកពងមាន់ឱ្យ PSG មុនពេលម្ចាស់ផ្ទះ Monaco វាយបកនាំមុខ ២-១ វិញគិតត្រឹមនាទី៦០។ Ousmane Dembele រកបាន ២គ្រាប់ម្នាក់ឯង និង Goncalo Ramos ១គ្រាប់ ក្នុងការយកឈ្នះ Monaco ៤-២ ដើម្បីនាំមុខកំពូលតារាងដាច់ ១០ពិន្ទុពី Marseille ក្រោយឆ្លងកាត់ ១៦ប្រកួតរួចមក។

ថ្លែងក្នុងសន្និសីទ ក្រោយចប់ការប្រកួតស្តីពីបញ្ហារបួសរបស់ Donnarumma លោក Luis Enrique គ្រូបង្វឹក PSG បានឱ្យដឹងថា «វាជាការជាសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ ខ្ញុំមិនអាចធ្វើអ្វីបានទេ ព្រោះមិនបានឃើញហេតុការណ៍នោះជាក់ច្បាស់ ក៏ប៉ុន្តែអ្នកតែងតែលំបាកទទួលយក នៅពេលជួបរឿងបែបនេះ»