(ឡុងដ៏)៖ គ្រូបង្វឹក Ruben Amorim ថ្មីរបស់ក្លិបបិសាចក្រហម Manchester United បានឱ្យដឹងថាកាលថ្ងៃពុធថា ក្លិប គឺនៅមានស្ថានភាពល្អប្រសើរជាមួយខ្សែប្រយុទ្ធ Marcus Rashford បន្ទាប់ពីមានការសួរនាំអំពីអនាគតនៅពេលខាងមុខ ចំពោះការប្រកួតប្រជែងថ្មី ក្រោយមិនជាប់ជម្រើសមួយប្រកួតកន្លេងមកនេះ ។
Marcus Rashford ធ្លាប់បាននិយាយថា រូបគេបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រកួតប្រជែងថ្មីមួយ នៅពេលមានការសួរអំពីអនាគតរបស់រូបគេនៅក្លិប Old Trafford ។ ខណៈរឿងរាវនេះ បានកើតឡើងក្រោយពេលរូបគេមិនជាប់ជម្រើសណាមួយក្នុងទម្រង់ក្រុមរបស់លោក Ruben Amorim ដែលលេងទល់នឹងក្រុម Man City ជាមួយការយកបានជ័យជម្នះ ២-១ នៅឯកីឡដ្ឋាន Etihad ។
ខណៈខ្សែបម្រើស្លាបអន្តរជាតិអាហ្សង់ទីន Alejandro Garnacho ក៏មិនជាប់ក្នុងជម្រើសក្រុមសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នោះផងដែរ ខណៈគ្រូថ្មី Amorim បកស្រាយថា នេះជាការសម្រេចចិត្តអំពីការរក្សាកីឡាករឱ្យមានស្តង់ដារកម្រិតខ្ពស់ ។
Amorim បានប្រាប់អ្នកសារព័ត៌មានថា «ពិតណាស់យើងនៅមានវគ្គហ្វឹកហាត់មួយបន្ថែមទៀត ខណៈរវាង (Rashford និង Garnacho) ក៏ស្ថិតក្នុងស្ថានភាពដូចកីឡាករដទៃទៀតដែរ ហើយប្រសិនបើពួកគេហ្វឹកហាត់បានល្អ យើងនឹងត្រូវធ្វើការជ្រើសរើស»៕