(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីកិច្ចសហការលើវិស័យវប្បធម៌ និងសិល្បៈក្នុងរយៈពេល ៥ឆ្នាំ រាប់ពីឆ្នាំ ២០២៥-២០៣០ ដោយមានការចូលរួមក្រោមអធិបតីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃពុធ ទី ១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ។
ក្នុងឱកាសនេះ លោកអ្នកឧកញ៉ា លាង ឃុន បានប្រកាសឧបត្ថម្ភទឹកប្រាក់រហូតដល់ ២៥ម៉ឺនដុល្លារ ទៅកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងរយៈពេល ៥ឆ្នាំ ក្នុងគោលបំណងលើកស្ទួយ និងគាស់រំលើងវប្បធម៌ និងសិល្បៈជាកេរតំណែលដូនតា ឱ្យកាន់តែកៀក និងទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជា។
លោកអ្នកឧកញ៉ា លាង ឃុន បានលើកឡើងថា «ផ្សារទំនើបខ្នាតអន្តរជាតិរបស់កូនខ្មែរ ជីប ម៉ុង រីថែល បានក្លាយជាគោលដៅផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ខ្មែរ ដោយបានរៀបចំព្រឹត្តិការណ៍វប្បធម៌ និងទស្សនីយភាពការសម្តែងសិល្បៈគ្រប់ទម្រង់ ដើម្បីភ្ជាប់អត្តសញ្ញាណជាតិខ្មែរទៅកាន់មហាជន។ កិច្ចសហការនេះ នឹងផ្តោតចម្បងលើចំណុចអាទិភាព តាមរយៈការផ្តល់ឱកាស និងបង្កើតវេទិកាកាន់តែច្រើនដល់សិល្បករ-សិល្បករិនី ជាពិសេសសិស្ស និងនិស្សិតសិល្បៈ ដើម្បីបញ្ចេញសមត្ថភាព និងទេព្យកោសល្យ ដើម្បីចូលរួមបំផុសឱ្យសង្គមទាំងមូល ជាពិសេសការចូលរួមយ៉ាងសកម្មរបស់ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជនផ្សេងៗ និងការគាំទ្ររបស់សហគមន៍»។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា «ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មទាំងកាយទាំងចិត្តក្នុងការលើកស្ទួយវប្បធម៌ និងសិល្បៈជាប់ជានិច្ច។ ការចុះអនុស្សរណៈនេះ នឹងជួយអភិរក្ស អភិវឌ្ឍ ព្រមទាំងពង្រីកចំណេះដឹង និងផ្សព្វផ្សាយអត្តសញ្ញាណជាតិទៅកាន់សង្គមជាតិ តាមរយៈសកម្មភាពសិល្បៈ ព្រឹត្តិការណ៍ និងមហោស្រពជាច្រើនទៀតនាពេលអនាគតរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល»។
ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងពេញទំហឹងក្នុងការលើកស្ទួយ អភិរក្ស និងអភិវឌ្ឍសិល្បៈ និងវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ ហើយការផ្សព្វផ្សាយនេះធ្វើទៅបានជោគជ័យត្រូវការចូលរួមគាំទ្រពីប្រជាពលរដ្ឋគ្រប់រូបផងដែរ។
កិច្ចសហការរវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យវប្បធម៌ និងសិល្បៈខ្មែរ។ ការចូលរួមយ៉ាងសកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ក្នុងការផ្តល់ឧបត្ថម្ភ និងការចូលរួមយ៉ាងសកម្មរបស់សហគមន៍ នឹងជួយធានាថា វប្បធម៌ និងសិល្បៈខ្មែរ នឹងត្រូវបានអភិរក្ស និងអភិវឌ្ឍឱ្យកាន់តែរឹងមាំ និងទូលំទូលាយក្នុងសង្គមកម្ពុជា៕