(បរទេស)៖ ក្រុមហ៊ុន Honda Motor និង Nissan Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុនកំពុងជួបពិភាក្សាគ្នាដើម្បីបញ្ចូលអាជីវកម្មទាំងពីរចូលគ្នា។ ស្របពេល ដែលវិស័យរថយន្តអគ្គិសនីកំពុងមានប្រជាប្រិយភាពខ្លាំង ត្រូវបានគេរាយការណ៍មកថា Nissan គឺជាក្រុមហ៊ុនរងផលប៉ះពាល់ជាងគេ ទើបបានជា Honda សម្រេចរួមបញ្ចូលគ្នា ដើម្បីអាចបន្តដំណើរប្រកួតប្រជែងទៅមុខបន្ត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រជប៉ុន NHK World។

យោងតាមទិន្នន័យឆ្នាំ២០២៣ ដែលផ្តល់ដោយគេហទំព័រជប៉ុនដ៏ធំនេះបានបង្ហាញថា អំឡុងពេលដែលឧស្សាហកម្មរថយន្តកំពុងឈានចូលយុគសម័យនៃរថយន្តអគ្គសិនីក្នុងនោះមានក្រុមហ៊ុនដូចជា Toyota Motor, Volkswagen, Hyundai, Stellentis, General Motors, Ford និង Honda កំពុងរក្សាតំណែងកំពូលរបស់ពួកគេក្នុងការលក់រថយន្តទូទាំងពិភពលោក។ ដោយឡែក​ Nissan វិញគឺស្ថិតនៅបាតតារាង ជាក្រុមហ៊ុនដែលលក់រថយន្តបានតិចជាងគេបំផុត។

ប្រភពដដែលនេះ​ បានគូសបញ្ជាក់ថា ប្រាក់ចំណូលរបស់ Nissan នៅពាក់កណ្ដាលឆ្នាំ២០២៤ បានធ្លាក់ចុះដល់ទៅខ្ទង់៩០​ ភាគរយឯណោះ ដែលភាគច្រើនដោយសារតែការធ្លាក់ចុះនៃការលក់នៅសហរដ្ឋអាមេរិក និងប្រទេសចិន។ បន្ថែមពីនេះ Nissan ក៏ត្រូវបានគេលើកឡើងថា មានគម្រោងកាត់បន្ថយសមត្ថភាពផលិតកម្មសកលរបស់ខ្លួនប្រមាណ ២០ភាគរយ និងកាត់បន្ថយបុគ្គលិកចំនួន ៩,០០០នាក់ផងដែរ។

គួរជម្រាបថា ប្រសិនបើការរួមបញ្ចូលគ្នាបានសម្រេច អ្នកវិភាគរំពឹងថា នឹងបង្កើតបានជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៣ របស់ពិភពលោកដែលមានតម្លៃប្រមាណ ៥៤ពាន់លានដុល្លារ ជាមួយនឹងសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ៧.៤លានគ្រឿង។ ការរួមបញ្ចូលគ្នានេះ មិនត្រឹមតែជួយពង្រឹងទីតាំងទីផ្សាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការប្រកួតប្រជែងកាន់តែខ្លាំងដល់ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុនផងដែរ។ អ្នកវិភាគបានបន្ថែមទៀតថា កិច្ចសហការរវាង​ Hondea និង Nissan និងស្តារមុខមាត់ឡើងវិញ ជាពិសេសនៅក្នុងទិដ្ឋភាពប្រកួតប្រជែងដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតរបស់ចិន BYD និងក្រុមហ៊ុនអាមេរិក Tesla ផងដែរ៕