(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសបើកភ្លើងខៀវ សម្រាប់កីឡាករ-កីឡាការិនីឆ្នើមប្រចាំការប្រកួតជើងឯកថ្នាក់ជាតិ លើវិញ្ញាសាដែលបានរៀបចំ នឹងទទួលបានកៅអីចូលរួមប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិនាឆ្នាំ២០២៥ សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។
នេះបើតាមការបញ្ជាក់របស់លោក អ៊ិន គឹមស្រ៊ុន ប្រធានគណៈកម្មការរៀបចំការប្រកួត ក្នុងពិធីបើកការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៩ ខែធ្នូនេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ក្រោមវត្ដមានលោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធ ។
សមាជិកប្រតិបត្តិសហព័ន្ធដដែលបន្ដថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានប្រតិភូ គ្រូបង្វឹក និងអត្តពលិកចូលរួមសរុប ៣៧៣នាក់ ក្នុងនោះមានកីឡាករ ២២៤នាក់ និងកីឡាការិនី ៤៩នាក់ មកពី ១៤រាជធានី-ខេត្ត និង ៤ក្រសួង-ស្ថាប័ន ស្មើនឹង ៥៤សម្ព័ន្ធ-ក្លិបចូលរួមប្រកួតលើវិញ្ញាសាសរុបចំនួន ៨ ។
លោកបន្ដថា ក្នុងចំណោម ៨វិញ្ញាសានេះ មាន ៤វិញ្ញាសា គឺជាវិញ្ញាសារៀបចំសម្រាប់ជ្រើសរើសបំពេញបន្ថែមជម្រើសជាតិ នាឆ្នាំក្រោយ ក្នុងនោះមានវិញ្ញាសាបុរសអាយុ ១៨ឆ្នាំឡើង (ឈុតធំបុរស) ១នាក់ ទល់ ១នាក់, វិញ្ញាសានារីអាយុ ១៨ឆ្នាំឡើង (ឈុតធំនារី) ១នាក់ ទល់ ១នាក់, វិញ្ញាសាបុរសអាយុ ១៧-២៥ឆ្នាំ (យុវជន) ១នាក់ ទល់ ១នាក់ និងវិញ្ញាសានារីអាយុ ១៧-២៥ឆ្នាំ (យុវតី) ១នាក់ ទល់ ១នាក់ ។
លោក អ៊ិន គឹមស្រុន បញ្ជាក់ថា «នេះជាលើកទី១ ហើយ ដែលសហព័ន្ធបានរៀបចំវិញ្ញាសាប្រកួតជ្រើសរើសបំពេញបន្ថែមជម្រើសជាតិ ដើម្បីធ្វើការប្រមូលផ្ដុំសម្រាប់ឆ្នាំ២០២៥ និងត្រៀមលក្ខណៈចូលរួមការប្រកួតកម្រិតអន្ដរជាតិ ដែលកម្មវិថីប្រកួតត្រូវបានផ្សព្វផ្សាយ ដោយសហព័ន្ធកីឡាប៊ូលអាស៊ី ។ ក្នុងឱកាសនេះដែរ យើងសង្ឃឹមថា នឹងធ្វើការជ្រើសរើសបានកីឡាករ-កីឡាការិនី ដែលមានសក្ដានុពល ឆន្ទៈ មោះមុត វិន័យល្អ និងពេលវេលាគ្រប់គ្រាន់ ក្នុងការរួមដំណើរទៅមុខជាមួយគ្នា» ។
ទន្ទឹមជាមួយគ្នា លោក សុខ សូកាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីចូលរួមរបស់ប្រតិភូ និងអត្តពលិកគ្រប់រាជធានី-ខេត្ត ។ លោកជឿជាក់ថា ទោះបីលទ្ធផលបែបណា កីឡាករ-កីឡាការិនីនៅតែរក្សាស្នាមញញឹមជាប់ជានិច្ច ។ លើសពីនេះ លោកបានលើកទឹកចិត្តដល់អត្តពលិកទាំងអស់ ត្រូវបន្ដខិតខំហ្វឹកហាត់ និងដុសខាតសមត្ថភាពឲ្យរឹតតែខ្លាំងមួយកម្រិតថែមទៀត ជាមួយនឹងការរក្សានូវភាតរភាព និងសាមគ្គីភាពផ្ទៃក្នុង សីលធម៌ និងរក្សាឲ្យបាននូវទឹកចិត្តជាអ្នកកីឡា ក្នុងនាមក្រុមគ្រួសារកីឡាប៉េតង់កម្ពុជាផងដែរ ៕