(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) ក្នុងនាមជាធនាគារដៃគូ ក្នុងការជំរុញនិងគាំទ្រការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបនឹងសម្ពោធដាក់ឲ្យដំណើរការ។
ថ្នាលឌីជីថលនេះ ជានវានុវត្តន៍ដែលអភិវឌ្ឍនិងរៀបចំដោយអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានបង្កើតឡើងក្នុងគោលបំណងសម្របសម្រួលការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ស្ថានភាពជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពីរាជរដ្ឋាភិបាល។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
នាឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ និងលោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA លោក Zhiger Atchabarov នាយកប្រតិបត្តិការ ធនាគារ ABA និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារដៃគូទាំង 4 ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
យោងតាមអនុស្សរណៈយោគយល់គ្នានេះ ធនាគារ ABA នឹងសម្របសម្រួលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រប់រូបដូចជា កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ក្នុងការចុះឈ្មោះតាមរយៈថ្នាលឌីជីថល ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅគ្រប់សាខារបស់ធនាគារ ABA។ បន្ថែមពីនេះទៀត ថ្នាលឌីជីថលនេះក៏បានរួមបញ្ចូលក្នុងផ្នែកសេវាកម្មរបស់ ABA Mobile អនុញ្ញាតឲ្យអ្នកក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពងាយស្រួលក្នុងការចុះឈ្មោះតាមទូរស័ព្ទដៃ ដោយឥតគិតថ្លៃ។
ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមមានការលើកទឹកចិត្តផ្នែកពន្ធដារ ការបណ្តុះបណ្តាលជំនាញ សេវាកម្មថែទាំសុខភាពនិងការគាំទ្រផ្សេងៗទៀតពីរាជរដ្ឋាភិបាលដែលនឹងប្រកាសនាពេលឆាប់ៗនេះ។ ធនាគារ ABA មានមោទនភាពក្នុងការរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ 2023-2028 ណែនាំដោយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និង អាចរួមចំណែកជា អតិបរមាក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ។
លោក Zhiger Atchabarov ប្រធានប្រតិបត្តិការនៃធនាគារ ABA មានប្រសាសន៍ថា ធនាគារ ABA សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពច្នៃប្រឌិតរបស់រាជរដ្ឋភិបាល ក្នុងការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យើងនៅតែប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោកក៏បានបន្ថែមថា តាមរយៈការប្រើប្រាស់បណ្តាញសាខាដ៏ទូលំទូលាយ និងកម្មវិធីធនាគារតាមទូរស័ព្ទដៃរបស់ ABA យើងមានគោលបំណងបង្កើនភាពងាយស្រួលក្នុងដំណើរការចុះឈ្មោះសម្រាប់អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។
ធនាគារ ABA លើកទឹកចិត្តអ្នកដែលបំពេញគ្រប់លក្ខខណ្ឌ អញ្ជើញមកចុះឈ្មោះនៅសាខាធនាគារ ABA ដែលនៅជិតលោកអ្នក ឬ ប្រើប្រាស់អេប ABA Mobile ដើម្បីចូលរួមជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាផ្លូវការ។
សម្រាប់ព័ត៌មានបន្ថែមអំពីថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមចូលទៅគេហទំព័រ https://informal.digitaleconomy.gov.kh/km ៕