(ភ្នំពេញ)៖ សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ចំនួន ១១ រូប ដែលប្រឡងជាប់និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ កន្លងទៅ បានទទួលបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តពី ឧកញ៉ាបណ្ឌិត ត្រាំង លី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងលោក លោក ហ៊ឹម សំអាតស្ត្រង់ សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរ ជាតិ ស៊ី អាយ អេ ហ្វីសត៍ នៅក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A រៀបចំឡើង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅវិទ្យាល័យអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។
នាឱកាសសំណេះសំណាលប្រគល់បណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តនេះឧកញ៉ាបណ្ឌិត ត្រាំង លី បានវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងដែលនាំឱ្យទទួលបានលទ្ធផលល្អនាពេលនេះ។
ឧកញ៉ាបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល ក៏បានបញ្ជាក់ផងដែរថា ភាពជោគជ័យក្នុងការសិក្សារបស់សិស្ស កើតឡើងបានដោយសារកត្តាសំខាន់ៗ ៤ យ៉ាងរួមមាន ឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្ស, ការគាំទ្រអស់ពីចិត្តថ្លើមរបស់ មាតាបិតា អ្នកអាណាព្យាបាលសិស្ស, ការខិតខំបំពេញកិច្ចការនិងបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការធ្វើឱ្យ ប្រសើរឡើងឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធ និងគុណវុឌ្ឍនៃកម្មវិធីសិក្សារបស់សាលារៀន។
លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ឱ្យស្វែង យល់អំពីខ្លួនឯងដោយត្រូវផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់រស់នៅ ដ្បិតការសិក្សានៅមហាវិទ្យាល័យ ទាមទារឱ្យ និស្សិតចេះគ្រប់គ្រងពេលវេលា ហិរញ្ញវត្ថុ និងរក្សាសុខភាពរាងកាយ និងផ្លូវចិត្តឱ្យបានប្រសើរ។
លោក ហ៊ឹម សំអាតស្ដង់ ក្នុងនាមជាសហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ក៏បានកោតសរសើរ និងអបអរសាទរដល់ប្អូនៗសិស្សានុសិស្សសម្រាប់ភាពជោគជ័យដ៏ត្រចះត្រចង់នៅពេលនេះផង និងបានថ្លែងសារលើកទឹកចិត្តឱ្យប្អូនៗ បន្តការខិតខំប្រឹងប្រែងរៀនសូត្រ ដោយ ត្រូវគ្រប់គ្រងពេលវេលាផ្ទាល់ខ្លួន និងពេលវេលាសិក្សាឱ្យបានល្អ ជាពិសេសគឺក្នុងអំឡុងពេលឆ្នាំទី១ នៃការ សិក្សាកម្រិតមហាវិទ្យាល័យ ដ្បិតវាជាគ្រឹះដ៏សំខាន់ក្នុងការកសាងសមត្ថភាពចំណេះដឹងរបស់ខ្លួន។
គួរបញ្ជាក់ថា សិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលបានចូលរួមប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ កន្លងទៅមានចំនួន ៨៦ រូប (ស្រី ៣៧ រូប) ហើយជាលទ្ធផល សិស្សានុសិស្សរបស់យើងបានប្រឡងជាប់ក្នុងអត្រា ៩៩% ដោយក្នុងនោះសិស្សនិទ្ទេស A ចំនួន ១១ រូប សិស្សនិទ្ទេស B ចំនួន ២១ រូប សិស្សនិទ្ទេស C ចំនួន ២៤ រូប សិស្សនិទ្ទេស D ចំនួន ១៨ រូប និងសិស្ស និទ្ទេស E ចំនួន ១១ រូប។
លទ្ធផលនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តួយ៉ាងតាមរយៈកម្មវិធីសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាចំណេះទូទៅខ្មែរ ដែលមានការទទួលស្គាល់ពីគណៈ កម្មការវាយតម្លៃគុណភាពអប់រំអន្តរជាតិហៅកាត់ថា WASC និងក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេស តាមរយៈសមាជិកភាពក្នុងក្រុមប្រឹក្សាសាលាអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា ដែលហៅកាត់ថា EARCOS (East Asia Regional Council of Schools) សិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ទទួលបានការអប់រំ កម្រិតអន្តរជាតិប្រកបដោយគុណភាពខ្ពស់មួយ ដើម្បីអាចអភិវឌ្ឍខ្លួនជាធនធានមនុស្ស ដែលមានចំណេះដឹង និងបំណិនគ្រប់គ្រាន់ សម្រាប់ការរួមចំណែកកសាងសង្គមជាតិ និងពិភពលោកនាថ្ងៃអនាគត៕