(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះថៃ នាវេលាម៉ោង ៨យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្នុងជំនួបបញ្ចប់ពូលA នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ដើម្បីកំណត់ជោគវាសនារបស់ខ្លួន ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រូវប្រកួតដំណាលគ្នា នារាត្រីថ្ងៃសុក្រនេះ ដ្បិតក្រុមទាំងបី សុទ្ធតែនៅមានឱកាសឡើងវគ្គបន្ដ ជាមួយក្រុមដំរីសឹកថៃ។
លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត ដោយហាក់មិនញញឹមជាមួយក្រុមជើងឯក ៧សម័យនេះឡើយ ទោះបីលោកទទួលស្គាល់ថៃ ជាក្រុមខ្លាំងក្នុងតំបន់ តែលោកបានដាក់គោលដៅយ៉ាងមុតមាំ នឹងខិតខំប្រជែងយក ៣ពិន្ទុជាមួយក្រុមជម្រើសជាតិថៃ និងដើម្បីអ្នកគាំទ្រក្រុមគោព្រៃកម្ពុជា។
លោក Koji បានគូសបញ្ជាក់ថា សម្រាប់ក្រុមជម្រើសជាតិថៃ អ្នកណាក៏ដឹងដែរ ថាពួកគេជាក្រុមដ៏ខ្លាំង ប៉ុន្ដែយើងមកទីនេះ ដើម្បីយក ៣ពិន្ទុពីពួកគេ ហើយកីឡាករដែលមានរបួសមួយចំនួន យើងមានអ្នកជំនួសរួចរាល់សម្រាប់ការប្រកួតនេះ។ ពួកយើងសង្ឃឹមថា អ្នកគាំទ្រនឹងមកផ្ដល់កម្លាំងចិត្តដល់យើង ហើយពួកយើងនឹងធ្វើគ្រប់យ៉ាងដើម្បីអ្នកគាំទ្របស់យើង។
គួរដឹងថាបច្ចុប្បន្នថៃ បានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយហើយ ខណៈកម្ពុជា កំពុងឈរលេខ៣ និងមាន ៤ពិន្ទុស្មើក្រុមម៉ាឡេស៊ី តែតាមពីក្រោយក្រុមសិង្ហបុរី ដែលឈរលេខ២ រកបាន ៦ពិន្ទុ។ ដូច្នេះក្រុមទាំងបី សុទ្ធតែមានឱកាសប្រជែងកៅអីវគ្គបន្ដ ស្របពេលម៉ាឡេស៊ី នឹងត្រូវបើកទ្វារផ្ទះទទួលសិង្ហបុរី នាម៉ោង ៨ដំណាលគ្នា (ម៉ោងនៅកម្ពុជា) ដើម្បីកំណត់ជោគវាសនា តើក្រុមណា នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយថៃ។
សម្រាប់ក្រុមគោព្រៃកម្ពុជា នៅសល់ឱកាសមួយចំនួន ដែលអាចឡើងវគ្គបន្ដ ពោលគឺម៉ាឡេស៊ី យកឈ្នះសិង្ហបុរី ហើយកម្ពុជា យកឈ្នះថៃ (គិតផលសងគ្រាប់បាល់ជាក់ស្ដែង)។ តែករណីបើកម្ពុជា បានត្រឹមស្មើ ឬចាញ់ ក៏ដូចជាសិង្ហបុរីឈ្នះវិញ ឱកាសសម្រាប់កម្ពុជា និងម៉ាឡេស៊ី នឹងត្រូវអស់ដោយស្វ័យប្រវត្តិតែម្ដង៕