(រីយ៉ាដ)៖ Ronnie O’Sullivan អតីតជើងឯកស្នូកឃ័រពិភពលោក ៧ជំនាន់ បានទម្លាក់គូប្រជែងមកពីចិន Ding Junhui ដោយលទ្ធផល ៤-០ មិនឱ្យតដៃរួចឡើយនាយប់មិញនេះ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
តាមរយៈលទ្ធផលនេះដែរ កីឡាករជើងចាស់អង់គ្លេស វ័យ ៤៩ឆ្នាំ Ronnie នឹងត្រូវពើបប្រទះគូប្រជែង Mark Allen នៅរាត្រីថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ជាបន្តទៀតសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្នុងប្រកួតទល់នឹង Ding ពីក្នុងវគ្គ ៨នាក់ចុងក្រោយនោះដែរ Ronnie ធ្វើបានសម្រេច ២សិតដំបូងដោយស្រួល នៅមុនពេលវាយបានពិន្ទុខ្ពស់បំផុតដល់ទៅ ១២៩ពិន្ទុ និង ១១៣ពិន្ទុ ដើម្បីយកឈ្នះតែម្តងនៃព្រឹត្តិការណ៍ Riyadh Season Snooker Championship 2024 ដ្បិត Ding រកពុំបាន ១ពិន្ទុឡើយក្នុង ២សិតដំបូង នៅពេល Ronnie បានគ្រប់គ្រងការប្រកួតមានដល់ទៅ ៨៤%។
ជាមួយគ្នានោះដែរ អតីតជើងឯកពិភពលោក ៣សម័យ Mark Williams ក៏បានទម្លាក់ជើងខ្លាំងលំដាប់លេខ១ ពិភពលោកបច្ចុប្បន្ន Judd Trump ដោយលទ្ធផលប្រកៀកប្រកិតគ្នា ៤-៣ ទទួលបានសំបុត្រមួយឡើងទៅវគ្គ ៤នាក់ចុងក្រោយដែលត្រូវប៉ះ Luca Brecel មុនពេលកីឡាករវ៉េលរូបនេះ ឈានចូលវ័យ ៥០ឆ្នាំនាឆ្នាំ២០២៥ ខាងមុខ៕