(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីកីឡារំអិលលើទឹកកកកម្ពុជា ៣រូប ដែលទទួលឱកាសចេញទៅហ្វឹកហាត់រយៈពេលជិត ៣សប្ដាហ៍ នៅសាធារណរដ្ឋកូរ៉េ ក្រោមជំនួយរបស់ម្ចាស់ផ្ទះ បានត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានជោគជ័យលើសពីការរំពឹងទុក។ នេះបើតាមការបញ្ជាក់របស់លោក ម៉ក់ ចាន់តារា ប្រតិភូដឹកនាំ និងជាគ្រូបង្វឹកកីឡារំអិលលើទឹកកកម្ពុជា។
លោក ម៉ក់ ចាន់តារា បានបញ្ជាក់ថា រយៈពេលជិត ៣សប្ដាហ៍កន្លងមកនេះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ធ្វើបានយ៉ាងល្អ ទាំងការខិតខំប្រឹងប្រែងហ្វឹកហាត់ និងភាពរីកចម្រើននៃបច្ចេកទេស រហូតទទួលបានការកោតសរសើរពីសហព័ន្ធកីឡាជាតិកូរ៉េ ក៏ដូចជាគ្រូបង្វឹកមកពីអាមេរិក និងអឺរ៉ុប។ នេះជាសញ្ញាណវិជ្ជមាន សម្រាប់ការចាប់ផ្ដើមរបស់កីឡារំអិលលើទឹកកកម្ពុជា ដើម្បីឈានទៅរកការបង្កើតសហព័ន្ធ ក៏ដូចជាជំរុញការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនសម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។
ទន្ទឹមជាមួយភាពជោគជ័យនៃបេសកកម្មលើកទី១ ក្រោយជំនួយរបស់ភាគីកូរ៉េនេះដែរ លោកថា សម្រាប់កូរ៉េផ្ដល់ជំនួយហ្វឹកហាត់ដល់អត្តពលិកវ័យក្មេងកម្ពុជា តែកំឡុងរដូវរងា ខណៈវគ្គទី២ ក៏ត្រូវរង់ចាំដល់រដូវរងាវិញដែរ។ ប៉ុន្ដែប្រសិនបើកម្ពុជា អាចបង្កើតឲ្យមានសហព័ន្ធជាតិ ក្រៅពីកូរ៉េកម្ពុជា ក៏អាចបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ទៅហ្វឹកហាត់បន្ថែម នៅអឺរ៉ុបផងដែរ ដ្បិតគ្រូបង្វឹកមកពីអឺរ៉ុប និងអាមេរិក ក៏បានបើកភ្លើងខៀវសម្រាប់កីឡាករ-កីឡាការិនីកីឡារំអិលលើទឹកកកម្ពុជាផងដែរ។
គ្រូបង្វឹកដដែលបន្ដថា «តាមរយៈបេសកកម្មលើកដំបូងនេះ ពួកយើងទទួលបានផលច្រើន ដោយសារអ្នកនៅខាងកូរ៉េហ្នឹង គាត់បានទំនាក់ទំនងទៅប៉ែកអឺរ៉ុប និងអាមេរិករួចហើយ ខណៈភាគីប៉ែកអឺរ៉ុប និងអាមេរិក បានប្រាប់ថា ប្រសិនខាងយើង (កម្ពុជា) មានសហព័ន្ធត្រឹមត្រូវហើយនោះ ពួកគេនឹងរៀបចំឲ្យយើងឆាប់បានហ្វឹកហាត់បន្ថែម ដើម្បីឲ្យបានរហ័ស និងពង្រឹងសមត្ថភាពកាន់តែប្រសើរ ស្របពេលកីឡាករ-កីឡាការិនីកម្ពុជា ត្រូវត្រៀមលក្ខណៈប្រកួតអូឡាំពិករដូវរងា ឆ្នាំ២០២៨ តែបើយើងមានសមត្ថភាព ក៏អាចចូលរួមប្រកួត World Cup បានដែរ»។
ដូច្នេះក្រោយពីការបោះជំរុំហ្វឹកហាត់នៅកូរ៉េនេះ លោកនឹងពិភាក្សាជាមួយលោក សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីស្វែងរកមធ្យោបាយឈានទៅបង្កើតសហព័ន្ធកីឡារំអិលលើទឹកកកម្ពុជា ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ដើម្បីផ្ដល់ឱកាសដល់ប្រភេទកីឡាថ្មីនេះ ពិសេសកីឡាករ-កីឡាការិនីកម្ពុជា បានបន្ដអភិវឌ្ឍន៍សមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតលើឆាកអន្ដរជាតិ ក៏ដូចជាជំរុញការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីកម្ពុជាឲ្យកាន់តែច្រើនថែមទៀត៕