(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា នាពេលថ្មីៗនេះ ទទួលបានរបាយការណ៍វាយតម្លៃពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor's (S&P) Global Ratings ដោយរក្សាបានចំណាត់ថ្នាក់ «B+/Stable/B» ដដែល។

ការរក្សាបាននូវចំណាត់ថ្នាក់នេះ សបញ្ជាក់អំពីភាពរឹងមាំ និងការរក្សាបាននូវស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ និងរក្សាបាននូវស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច។

បន្ថែមលើនេះ មូលដ្ឋានប្រាក់បញ្ញើដ៏សម្បូរបែប រួមទាំងការផ្តល់សេវាហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាឌីជីថលដ៏លេចធ្លោ និងបណ្តាញប្រតិបត្តិការទូលំទូលាយ របស់ធនាគារ អេស៊ីលីដា បានដើរតួនាទីជាធនាគារដ៏សំខាន់ សម្រាប់ការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុដល់គ្រប់មជ្ឈដ្ឋាន។

កត្តាទាំងអស់នេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំជាវិជ្ជមាន នៃបណ្តាញធុរកិច្ច របស់ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំពោះគុណភាពនៃដើមទុន ដែលអាចរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕