(មេនឆេស្ទើ)៖ ខ្សែការពារអន្តរជាតិព័រទុយហ្គាល់ Ruben Dias ត្រូវប្រឈមមុខអវត្តមានចាប់ពី ៣ទៅ៤សប្តាហ៍ផងដែរ បន្ទាប់ពីមានបញ្ហារបួសសាច់ដុំនាពេលថ្មីៗនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា កីឡាករវ័យ ២៧ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ផ្សេងៗជាមួយមេឃខៀវបានចំនួន ១០ពាន ដែលបានជួបបញ្ហារបួសសាច់ដុំ ក្នុងប្រកួតលីគ Premier League អំឡុងម្ចាស់ផ្ទះ City ចាញ់គូប្រជែង Manchester United ២-១ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។
នេះមានន័យថា Dias នឹងខកខានជួយ Man City លេងជុំទី៣ នៃពានរង្វាន់ FA Cup ទល់នឹងក្រុម Salford នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ខាងមុខ ក្នុងនាមជាក្រុមរងជើងឯករដូវកាលមុន។
Ruben Dias ដែលបានអវត្តមាន ៧ប្រកួតមកហើយជាមួយ City រដូវកាលឆ្នាំ២០២៤-២៥ បានធ្លាក់ទៅក្នុងបញ្ជីកីឡាកររបួសនៃក្រុមលោក Pep Guardiola ក្នុងចំណោម John Stones, Nathan Ake, Manuel Akanji និង Kyle Walker ជាដើម គ្រាដែលម្ចាស់ពានបាល់មាសឆ្នាំ២០២៤ Rodri នៅពុំអាចមកជួយក្រុមបាននៅឡើយទេ ក្រោយវះជង្គង់៕