(រីយ៉ាដ)៖ កីឡាករស្នូកឃ័រ Mark Allen បានក្លាយជាជើងឯកពាន Riyadh Season Snooker Championship 2024 អមដោយទឹកប្រាក់ ២៥០,០០០ផោន ក្រោយយកឈ្នះជើងខ្លាំង Ronnie O’Sullivan និង Brecel រួចមកនាយប់មិញនេះនៅប្រទេសអារ៉ាប៊ីសាអូឌីត។
កីឡាករអៀរឡង់ខាងជើងរូបនេះ បានទម្លាក់ម្ចាស់ការពារតំណែងជើងឯក Ronnie ៤-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនបន្តយកឈ្នះ Brecel របស់ប៊ែលហ្សិក ៥-១ ថែមទៀត ដើម្បីគ្រងតំណែងជើងឯក Riyadh នាឆ្នាំនេះតែម្តង។
Brecel អតីតជើងឯកពិភពលោក World Champion កាលឆ្នាំ២០២២ បានទម្លាក់ Mark Williams ៤-២ ពីក្នុងវគ្គ ៤នាក់ចុងក្រោយ និងបាននាំមុខ Allen ផងដែរក្នុងសិតបើកឆាកវគ្គដណ្តើមពាន មុនពេលត្រូវបាន Allen វាយបកតាមស្មើវិញដោយពិន្ទុមានដល់ទៅ ១០៤ពិន្ទុទៀតផង។
ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ Allen ក៏ធ្វើបានពិន្ទុ ១០៩ ពីការនាំមុខ ៣-១ និងឈ្នះ ២សិតបន្ទាប់ ដើម្បីលើកពានតែម្តង អមដោយទឹកប្រាក់ចំនួន ២៥ម៉ឺនផោនសម្រាប់ជើងឯក ក្នុងការត្រឡប់ទៅផ្ទះវិញដែរ៕