(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានដាក់សំណើវិនិយោគប្រមាណ ១ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីបញ្ចប់ការហាមឃាត់ការលក់ iPhone 16 នៅទីនោះ។ ទាក់ទិននឹងការវិនិយោគនេះ ប្រភពពី Bloomberg បានរាយការណ៍ថា ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ីលោក Prabowo Subianto បានយល់ព្រមជាបឋម ហើយបម្រាមនេះទំនងជិតឈានដល់ទីបញ្ចប់។ នេះបើយោងតាមការចេញផ្សាយដោយ Business Insider។​

ប្រភពដដែលបានឱ្យដឹងថា​ នៅក្នុងកិច្ចប្រជុំមួយកាលពីចុងសប្តាហ៍មុន លោក Prabowo Subianto បានប្រាប់ឱ្យមន្ត្រីក្រោមបង្គាប់ទទួលយកការផ្តល់ជូនវិនិយោគចំនួន ១ពាន់លានដុល្លាររបស់ក្រុមហ៊ុន Apple។ ប្រិយមិត្តបា្រកដជាបានជ្រាបរួចមកហើយ កាលពីខែតុលាកន្លងទៅ ក្រសួងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់ក្រុមហ៊ុន Apple ពីការលក់ iPhone 16 ដែលជាម៉ូដែលចុងក្រោយបង្អស់របស់ខ្លូន ដែលបានប្រកាសបង្ហាញក្នុងខែកញ្ញា​ ដោយសារតែការមិនគោរពតាមបទប្បញ្ញត្តិក្នុងស្រុក។

ប្រទេសឥណ្ឌូនេស៊ីតម្រូវឱ្យស្មាតហ្វូនមួយចំនួន ដែលលក់ក្នុងស្រុកមានយ៉ាងហោចណាស់ ៤០% នៃគ្រឿងបន្លាស់ដែលផលិតក្នុងស្រុក។ ក្រោយមានបម្រាមបែបនេះ កាលពីដើមខែមុន Apple បានសន្យាថានឹងវិនិយោគប្រហែល ១០លានដុល្លារ នៅក្នុងប្រទេសឥណ្ឌូនេស៊ីទៅរោងចក្រថ្មីមួយ ដើម្បីគេចផុតពីការហាមឃាត់ ហើយក្រោយមកក៏បានបង្កើនចំនួនទឹកប្រាក់វិនិយោគគុណនឹងដប់ដងនៃចំនួនមុន ពោលគឺដល់ ១០០លានដុល្លារដើម្បីប៉ះប៉ូវផ្លូវចិត្ត ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមានឡើយ។ ខណៈពេលនោះ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម លោក Febri Hendri Antoni Arif បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា «តាមទស្សនៈរបស់រដ្ឋាភិបាល យើងចង់ឱ្យការវិនិយោគមានទំហំធំជាងនេះ» ។ ដូច្នេះហើយ ទើបបានជា Apple សម្រេចបង្កើនការវិនិយោគដល់ ១ពាន់លានដុល្លារនាពេលនេះ។

ប្រភពពីសារព័ត៌មាន Bloomberg បានគូសបញ្ជាក់ថា ការវិនិយោគនេះនឹងផ្តល់មូលនិធិដល់ការបង្កើតរោងចក្រផលិតចំនួនពីរ។ កន្លែងទី១ នឹងមានទីតាំងនៅលើកោះ Batam ដែលមានគោលបំណងផលិត AirTags ជាមួយនឹងផែនការផលិតក្នុងមួយថ្ងៃចំនួន ២០% នៃផលិតកម្ម AirTag សកល។ រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារប្រហែល ១,០០០ ដែលរួមចំណែកដល់ការងារក្នុងស្រុក និងកំណើនសេដ្ឋកិច្ច។ ដោយឡែករោងចក្រមួយទៀត នឹងមានទីតាំងនៅ Bandung សម្រាប់ផលិតគ្រឿងបន្លាស់ iPhone។

គួជម្រាបថា ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី​៤ របស់ពិភពលោកដែលមានប្រជាជនសរុប ២៨០លាននាក់ និងជាទីផ្សារដែលកំពុងរីកចម្រើនសម្រាប់ Apple ផងដែរ៕