(បរទេស)៖ ក្រុមហ៊ុន Sony Semiconductor Manufacturing ដែលជាក្រុមហ៊ុនផលិតឧបករណ៍ចាប់សញ្ញារូបភាពសម្រាប់កាមេរ៉ាស្មាតហ្វូន ឬហៅឱ្យងាយយល់ថាសេនស័រកាមេរ៉ា​ បានប្រកាសថាខ្លួនបានឈានដល់កំណត់ត្រាមួយខ្ពស់បំផុតជាប្រវត្តិសាស្រ្តសម្រាប់រយៈពេល ៥ឆ្នាំជាមួយនឹងការនាំចេញសរុបកើនឡើងដល់ ២០ពាន់លានគ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

សមិទ្ធិផលនេះត្រូវបានប្រកាសដោយលោក Yoshihiro Yamaguchi ប្រធានជាន់ខ្ពស់ក្រុមហ៊ុន Sony Semiconductor Manufacturing ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sony Group បានកត់សម្គាល់ថាក្រុមហ៊ុនឈានដល់ចំនួនកើនឡើងទ្វេដងពី ១០ ទៅ ២០ពាន់លានក្នុងរយៈពេល ៥ឆ្នាំ ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤។ លោកបានបញ្ជាក់ថាល្បឿននៃការនាំចេញនេះ គឺបានមកពីការរីកសាយនៃឧបករណ៍ស្មាតហ្វូនចល័តដែលប្រើប្រាស់កាមេរ៉ាច្រើនគ្រាប់ «យើងបានចាប់ផ្តើមឃើញសា្មតហ្វូនដែលមានកាមេរ៉ាភ្លោះក្នុងឆ្នាំ​២០១៦ និង ២០១៧ ហើយបច្ចុប្បន្ននេះ ស្មាតហ្វូនដែលមានកាមេរ៉ា៤ គ្រាប់ បានក្លាយទៅជារឿងធម្មតា»។

គួរជម្រាបថា ផលិតផលពាក់កណ្តាលសម្រេច​ semiconductor ឬ​ សេនស័រកាមេរ៉ា របស់ក្រុមហ៊ុន Sony បច្ចុប្បន្ននេះកំពុងដំណើរការនៅរោងចក្រចំនួន ៣ផ្សេងគ្នាក្នុងប្រទេសជប៉ុនរួមមានទីតាំង Kumamoto, Nagasaki និង Oita។ រោងចក្រទាំងនេះ ផ្តោតលើការផលិតសេនស័រកាមេរ៉ាសម្រាប់ស្មាតហ្វូន ក៏ដូចជាការពង្រីកទៅក្នុងវិស័យដូចជា បច្ចេកវិទ្យារថយន្ត និងរោងចក្រឆ្លាតវៃជាដើម៕