(សៀមរាប)៖ អត្តពលិកកម្រិតជំនាញ និងស្ម័គ្រចិត្ដជាង ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ បានចូលរួមការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអញ្ជើញបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ ៤២គីឡូម៉ែត្រផងដែរ។

ក្នុងនាម NOCC និងគណៈកម្មការរៀបចំ លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិ ទាំងកម្រិតជំនាញ និងស្ម័គ្រចិត្តទាំងអស់ ដែលបានមកកាន់អង្គរបេតិកភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ពេលនេះ ដែលមានអ្នកចូលរួមសរុបចំនួន ៥,៣២៧នាក់ មកពី ១៤ប្រទេស ដែលជាសមាជិករបស់សហព័ន្ធកីឡាអត្តពលកម្មអាស៊ី ខណៈប្រទេសចូលរួមច្រើនជាងគេ គឺវៀតណាម ជប៉ុន និងឡាវ។

លោកបន្ដថា «ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ ជាការប្រកួតកីឡាកម្រិតជំនាញ ដែលរៀបចំឡើងនៅប្រទេសចំនួន ៣ រួមមានកម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្តល់ឱកាសដល់អត្តពលិកម៉ារ៉ាតុងកម្រិតជំនាញនៅជុំវិញពិភពលោកធ្វើការអភិវឌ្ឍគុណវុឌ្ឍិ និងឧត្តមភាពរបស់ខ្លួន»។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានគូសបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី លើទឹកដីអង្គរនេះ បានរៀបចំឡើង ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងគោលដៅរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជួយដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសជំរុញការអភិវឌ្ឍសមត្ថភាពអត្តពលិកជំនាញ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ។

លោកបន្ដថា «ទោះបីព្រឹត្តិការណ៍នេះថ្មីមែន ប៉ុន្ដែជាបច្ចេកទេស និងជាលក្ខណៈជំនាញ ក៏ដូចជារបៀបរបបនៃការរៀបចំ មិនមានអ្វីប្លែកទេ។ អ្វីដែលប្លែក គឺជាព្រឹត្តិការណ៍មួយ ដែលយើងចង់ឲ្យកីឡាករ-កីឡាការិនីជំនាញ ពិសេសក្រុមជម្រើសជាតិរបស់យើងចូលរួម ដើម្បីសាកល្បងបច្ចេកទេសរបស់ខ្លួនឲ្យបានច្រើន ពីព្រោះការរត់ចម្ងាយឆ្ងាយនេះ ត្រូវការយ៉ាងហោច ៣ខែម្ដងប្រកួតម្ដង»

«ការរត់កម្រិតជំនាញនេះ គឺជាការធ្វើតេស្ដ និងពង្រឹងសមត្ថភាព តាមរយៈសហព័ន្ធ ដែលខិតខំរៀបចំឲ្យមានសកម្មភាពជាច្រើនសម្រាប់កីឡាករ-កីឡាការិនីក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំក្រោយ ។ នេះគឺជាព្រឹត្តិការណ៍មួយ ដែលអាចជំរុញ និងជួយដល់សិទ្ធផលរបស់កីឡាករជំនាញរបស់យើង»។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា ការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃអាទិត្យនេះ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ៕