(ម៉ាឌ្រីដ)៖ Real Madrid ម្ចាស់ការពារតំណែងជើងឯកលីគអេស្ប៉ាញ La Liga បានឡើងមកឈរលេខ២ ជាបណ្តោះអាសន្នវិញគិតត្រឹមសប្តាហ៍ទី១៨ ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Sevilla ៤-២ នៅរាត្រីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា ៣ពិន្ទុនៅកីឡដ្ឋាន Santiago Bernabeu នេះដែរ បានហក់ឡើងទៅឈរលេខ២ ជាមួយនឹង ៤០ពិន្ទុចាញ់ប្រៀបក្រុមកំពូលតារាង Atletico Madrid ត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ដែលនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា គ្រាដែល FC Barcelona របស់លោក Hansi Flick ធ្លាក់មកលេខ៣ វិញបានលេងបញ្ចប់ជើងទី១ កាលពីថ្ងៃសៅរ៍។
អធិរាជស ដែលទើបចាញ់ ២ប្រកួតក្នុងលីគនារដូវកាល ២០២៤-២៥ នៅតែបន្តធ្វើបានល្អក្នុងដី តាមរយៈឈ្នះ ១៩លើក ក្នុងចំណោម ២០លើករាល់ពេលជួប Sevilla ដ្បិតខ្សែប្រយុទ្ធចំណូលថ្មីរបស់ពួកគេ Kylian Mbappe ជាអ្នករកបានគ្រាប់បែកពងមាន់ត្រឹម ១០នាទីដំបូង និងគ្រាប់បាល់ទី១០ ក្នុងលីគនារដូវកាលនេះរបស់គេដែរ។
ការបរាជ័យក្នុងលីគជាលើកទី៨ នេះដែរ បានធ្វើឱ្យ Sevilla ធ្លាក់ទៅលេខ១៤ ដោយមានតែ ២២ពិន្ទុ ក្រោយឆ្លងកាត់ ១៨ប្រកួត និងដាច់ ៨ពិន្ទុផងដែរ ពីតំបន់កៅអីលេងពានអឺរ៉ុប៕