(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានជួបសំណះសំណាលជាមួយមន្រ្តី និងក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រោយបញ្ចប់ភារកិច្ចក្នុងព្រឹត្តការណ៍ ASEAN Mitsubishi Electric Cup 2024 ជាមួយនិងផ្តល់ជាប្រាក់លើកទឹកចិត្តក្នុងម្នាក់ ១,០០០ដុល្លារ ជាការតបស្នងពីការខិតខំប្រឹងប្រែងក្នុងការប្រកួត ទោះបីជាមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ។
លើសពីនេះ ក៏មានការបែងចែកចំណូលពីការលក់សំបុត្រនៃការប្រកួតក្នុងទឹកដីទាំងអស់ បន្ទាប់ពីទូទាត់ចំណាយក្នុងការរៀបចំការប្រកួត និងបង់ពន្ធជូនរដ្ឋរួច ទឹកប្រាក់នៅសល់នឹងបែងចែកជា ៤ផ្នែកដូចខាងក្រោម៖
១. ចំណូល ២៥% ផ្ដល់ជូនកីឡាករ និងក្រុមការងារគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា
២. ចំណូល ២៥% ផ្ដល់ជូនក្លិបបាល់ទាត់ដែលមានកីឡាករជាប់ជម្រើសជាតិក្នុងព្រឹត្តិការណ៍
៣. ចំណូល ២៥% សម្រាប់ការថែទាំសុខភាព និងសុខុមាលភាពរបស់កីឡាករ
៤. ចំណូល ២៥% សម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំណាយទៅលើការអភិវឌ្ឍបាល់ទាត់។
ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យមើលនៅក្នុងការពង្រឹងក្រុមជម្រើសជាតិកម្ពុជា នៅពេលអនាគត ហើយនឹងត្រូវអនុម័តក្នុងមហាសន្និបាតសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅដើមឆ្នាំ ២០២៥ ។
រំលឹកផងថា ស្ថិតក្នុងការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Mitsubishi Electric Cup 2024 ក្រុមគោព្រៃកម្ពុជា បានបញ្ចប់ត្រឹមឈរលេខរៀងទី៤ ក្នុងពូល A ជាមួយការរកបានតែ ៤ពិន្ទុពីការលេង ៤ប្រកូតក្នុងវគ្គចូលពូល ៕