(ភ្នំពេញ)៖ ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានគ្រងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤-២៥ (ថ្នាក់ខេត្ត) សារជាថ្មី ក្រោយសងសឹកក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានសម្រេចដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-២ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ១-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃទី២២ ខែធ្នូ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ជំនួបដ៏តានតឹងនេះ ត្បូងឃ្មុំបានបើកការនាំមុខក្រុមការពារតំណែងជើងឯក ១គ្រាប់មុន ដោយកីឡាករ សារី តៃម៉ូ នៅនាទី៣៥។ បន្ទាប់មកកំពង់ចាម ក៏ព្យាយាមវាយសម្រុក រហូតដល់ចុងម៉ោង ទើបកីឡាករ ទូច សុខឡុង រកបានគ្រាប់តាមស្មើ នៅនាទី៨៩ ដែលនាំឲ្យការប្រកួតឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយលទ្ធផលត្បូងឃ្មុំ បានយកឈ្នះកំពង់ចាម ៣-២ ដើម្បីគ្រងតំណែងជើងឯកវិញ ដ្បិតកាលពីឆ្នាំមុន កំពង់ចាម បានយកឈ្នះត្បូងឃ្មុំ ១-០ ដើម្បីលើកពានថ្នាក់ខេត្តនេះ។

ពិធីបិទការប្រកួតនេះដែរ បានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ សម្រាប់ក្រុមជើងឯក មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានទទួលមេដាយមាស ពាន ១គ្រឿង អមប្រាក់រង្វាន់ ២០លានរៀល គ្រាដែលជយលាភីលេខ២ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ទទួលបានមេដាយប្រាក់ អមប្រាក់រង្វាន់ ១០លានរៀល និងលេខ៣ ក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ទទួលបានមេដាយសំរឹទ្ធ អមប្រាក់រង្វាន់ ៨លានរៀល ក្រោយយកឈ្នះសមាគមកីឡាបាល់ទាត់ខេត្តកែប ៧-១៕