(ភ្នំពេញ)៖ បន្ទាប់ពីបានដំណើរការជើងហោះហើរអន្តរជាតិថ្មីៗជាច្រើនកន្លងមក នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៏ AirAsia Cambodia បានបន្តដាក់សម្ពោធជើងហោះហើរថ្មីបន្ថែមទៀតចេញដំណើរពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ជើងហោះហើរត្រង់ទៅ-មក ចំនួន៤ ជើងហោះហើរ ក្នុងមួយសប្តាហ៍ អាចទទួលអ្នកដំណើរប្រមាណជាង ១,៤០០ នាក់ ក្នុងមួយសប្តាហ៍ ដែលជើងហោះហើរ ទៅ-មក រវាង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងទីក្រុងហូជីមិញ នឹងអាចជំរុញកំណើនទេសចរណ៍ និងសេដ្ឋកិច្ច រវាងទីក្រុងទាំងពីរបានយ៉ាងប្រសើរ។

ទន្ទឹមនឹងការសម្ពោធជើងហោះហើរថ្មីនេះ អ្នកដំណើរទាំងអស់បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១១:៥០ព្រឹក (ម៉ោងនៅកម្ពុជា) ដែលជើងហោះហើរដំបូងនេះត្រូវបានទទួលការស្វាគមន៍ជូនដំណើរពីសំណាក់ នាយអាកាសយានិក លោក Rajesh Gill តំណាងក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដោយបានចែកជូន «ក្រមា» ដែលត្រូវបានស្គាល់ថាជា មរតកវប្បធម៌ជាតិអរូបីរបស់ប្រទេសកម្ពុជា ជាវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសដ៏វិសេសវិសាលមួយនេះ។ ជាមួយគ្នានេះផងដែរ មន្រ្តីអាកាសយានដ្ឋាន និងថ្នាក់ដឹកនាំមួយចំនួនក៏បានប្រារព្ធពីធីអបអរសាទរជើងហោះហើរត្រឡប់មកវិញ ដែលហោះហើរចេញពីទីក្រុងហូជីមិញ នៅម៉ោង ១៣:២៥នាទីរសៀល (ម៉ោងនៅវៀតណាម) ដើម្បីជូនដំណើរភ្ញៀវជាតិ និងអន្តរជាតិ ចាកចេញពីទឹកដីពោរពេញដោយវប្បធម៌អច្ឆរិយៈ «Land Of Blue Dragon»

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន AirAsia Cambodia បានមានប្រសាសន៍ថា «ក្នុងនាមជា សមាជិកថ្មីបំផុតនៃ AirAsia ថ្ងៃនេះគឺឱកាសមួយដែលបានបង្ហាញអំពីការបោះជំហានថ្មីមួយទៀតនៃការរីកចម្រើនរបស់ AirAsia Cambodia ខណៈពេលដែលយើងខ្ញុំកំពុងបន្តពង្រីកសមត្ថភាព នឹងសេវាកម្ម ក្នុងគោលបំណងបំពេញតម្រូវការដ៏រឹងមាំនាពេលខាងមុខនេះ។ គិតចាប់ពីក្រុមហ៊ុនអាកាសចរណ៍ យើងខ្ញុំបានដំណើរការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា ខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ រួមមានជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់ ខេត្តសៀមរាប ហើយនឹងជើងហោះហើរអន្តរជាតិ ឆ្ពោះទៅកាន់ទីក្រុងសំខាន់ៗ ដូចជាកូឡាឡាំពួរ សិង្ហបុរី និង វៀតណាម ។ ដូច្នេះរហូតមកដល់បច្ចុប្បន្ននេះ សរុបជើងហោះហើរទាំងអស់ យើងខ្ញុំមានមោទនភាពសូមជម្រាបថា យើងខ្ញុំបានដឹកជញ្ជូនអ្នកដំណើរទៅ-មក ជាង ១០,០០០នាក់ ក្នុងមួយសប្តាហ៍ ដែលបានចេញដំណើរទៅ-មក ពីព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងផែនការពង្រីកជើងហោះហើរឆ្ពោះទៅកាន់គោលដៅជាច្រើនទៀត នាពេលខាងអនាគត»

លោកបន្តថា កម្ពុជា និងវៀតណាម ជាប្រទេសជិតខាង ដែលជាគន្លឹះដ៏សំខាន់ស្ថិតនៅក្នុងខ្សែក្រវ៉ាត់ទេសចរណ៍ក្នុងតំបន់ ទន្លេមេគង្គ ដែលអាចផ្តល់ជូនអ្នកដំណើរអន្តរជាតិនូវការតភ្ជាប់ឆ្ពោះទៅកាន់គោលដៅដ៏ស្រស់ស្អាតជាច្រើន។ ការបើកសម្ពោធជើងហោះហើរត្រង់ រវាងទីក្រុងធំៗរបស់ប្រទេសទាំង២ នឹងបង្កើនភាពងាយស្រួលរួមជាមួយគុណភាពសំបូរបែប នឹង ជម្រើសកាន់តែច្រើន សម្រាប់អ្នកដំណើរជាតិ និងអន្តរជាតិ។

យើងជឿជាក់់យ៉ាងមុតមាំថា ជើងហោះហើរថ្មី រវាងភ្នំពេញ និងទីក្រុងហូជីមិញ នឹងបង្ហាញឱ្យឃើញ ពីប្រជាប្រិយភាពដ៏ពេញនិយម និងភាពជោគជ័យយ៉ាងល្អប្រសើរ សម្រាប់ប្រទេសទាំងពីរ។ សំខាន់ជាងនេះទៅទៀត យើងក៏បានសម្លឹងមើលឃើញអំពីតម្រូវការដ៏មានសក្តានុពល ពីក្រុមហ៊ុនអាកាសចរណ៍ AirAsia Group ដែលនឹងអាចតភ្ជាប់ កម្ពុជា និងវៀតណាម ឆ្ពោះទៅកាន់គោលដៅជាង១៣០ នៅអាស៊ី អាស៊ីប៉ាស៊ីហ្វិក និងគោលដៅដ៏ទៃជាច្រើនទៀត ជាមួយនឹងតម្លៃសំបុត្រដ៏សមរម្យបំផុត។

ជើងហោះហើរថ្មីនេះផងដែរ នឹងក្លាយជាឱកាសដ៏ពិសេសមួយសម្រាប់ ប្រទេសទាំង២ ក្នុងការបង្ហាញអំពី សម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងភាពទាក់ទាញជាច្រើនជារបស់ខ្លួន ក៏ជានឹងឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ AirAsia ក្នុងការក្លាយជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខ ក្នុងបណ្តាញហោះហើរក្នុងសហគមន៍អាស៊ាន ខណៈពេលដែលមានការលូតលាស់គួរឱ្យកត់សម្គាល់នូវចំនួនភ្ញៀវទេសចរណ៍ កំណើនវិស័យសេដ្ឋកិច្ច និងឱកាសការងារដ៏ច្រើនកុះករ នៅទូទាំងតំបន់។

ដើម្បីជាចំណែកនៃការអបអរសាទរចំពោះការសម្ពោធជើងហោះហើរអន្តរជាតិថ្មីនេះ ក្រុមហ៊ុន AirAsia Cambodia សូមប្រកាសដាក់លក់សំបុត្រសម្រាប់ជើងហោះហើររវាង ទីក្រុងភ្នំពេញ និង ទីក្រុងហូជីមិញ ក្នុងតម្លៃសំបុត្រដ៏អស្ចារ្យបំផុតចាប់ពី៧៤ដុល្លារ។

ម៉ោងចេញដំណើរ និងម៉ោងទៅដល់គឺគិតជាទម្រង់២៤ ម៉ោង។
*តម្លៃដែលដាក់លក់រួមបញ្ចូលទាំងតម្លៃមូលដ្ឋាន ពន្ធ និងថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕