(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា នៅតែបន្តបង្ហាញពីភាពរឹងមាំ និងស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ជាមួយចំណាត់ថ្នាក់ឥណទានប្រភេទ B+ តាមរយៈការវាយតម្លៃរបស់ទីភ្នាក់ងារវាយតម្លៃឥណទានដ៏ធំបំផុតរបស់ពិភពលោក Standard and Poor's (S&P Global) ខណៈលទ្ធផលនេះនឹងបន្តពង្រឹងប្រូហ្វាលមូលនិធិប្បទានរបស់ធនាគារឲ្យកាន់តែរឹងមាំបន្ថែមជាលំដាប់។
ចំណាត់ថ្នាក់ឥណទាននេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ការបញ្ជាក់ជាថ្មីនៃចំណាត់ថ្នាក់ឥណទានប្រភេទ B+ នេះ ជាលទ្ធិផលវាយតម្លៃក្នុងអំឡុងពេលស្ថានភាពទីផ្សារកំពុងមានបញ្ហាប្រឈម។ ទោះជាយ៉ាងណាក្តី ក្រុមអ្នកជំនាញ S&P បានបង្ហាញពីទំនុកចិត្តលើសមត្ថភាពរបស់ធនាគារ ABA ក្នុងការបន្តរក្សាអានុភាពខ្លាំងក្លា ការចាក់គ្រឹះយ៉ាងរឹងមាំល្អ និងវត្តមានភាពសេវាឌីធីថលរបស់ខ្លួនទូទាំងប្រទេស ក្នុងនាមជាធនាគារធំជាងគេនៅកម្ពុជា។ លទ្ធផលនេះនឹងបន្តពង្រឹងប្រូហ្វាលមូលនិធិប្បទានរបស់ធនាគារឲ្យកាន់តែរឹងមាំបន្ថែមជាលំដាប់។
ក្នុងសនិទានភាពនៃការវាយតម្លៃនេះ ក្រុមអ្នកជំនាញ S&P បានលើកឡើងថា ប្រាក់បញ្ញើរបស់ធនាគារ ABA បានកើនឡើង ២៥% ក្នុងឆ្នាំ២០២៣ បើធៀបនឹង ប្រាក់បញ្ញើសរុបក្នុងវិស័យនេះដែលកើន ១៤%។ លទ្ធផលពីការស្រាវជ្រាវនេះបានកោតសរសើរចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់ធនាគារលើបច្ចេកវិទ្យា និងការអភិវឌ្ឍដ៏រឹងមាំនៃផលិតផលហិរញ្ញវត្ថុឌីជីថលរបស់ខ្លួន។
S&P បានអធិប្បាយថា «អ្នកប្រើប្រាស់សេវាធនាគារឌីជីថលរបស់ ABA បានកើនឡើងជាង២ដងក្នុងឆ្នាំ២០២១-២០២៣។ កំណើននេះបានឆ្លុះបញ្ចាំងពីការវិនិយោគរបស់ធនាគារក្នុងវិស័យបច្ចេកវិទ្យារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលជាមូលហេតុធ្វើឲ្យក្លាយជាធនាគារលេចធ្លោជាងគេនៅកម្ពុជា។ ធនាគារបានប្រើប្រាស់បច្ចេកវិទ្យាដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់ និងដំណោះស្រាយនានាជាមួយនឹងក្រុមហ៊ុនព័ត៌មានវិទ្យានាំមុខ»។
ការវាយតម្លៃ «អនាគតស្ថិរភាព» សម្រាប់ធនាគារ ABA ស្ដែងឲ្យឃើញតាមរយៈទស្សនៈរបស់ក្រុមអ្នកជំនាញដែលថា ធនាគារនឹងរក្សាតុល្យភាពកំណើនប្រាក់កម្ចីប្រកបដោយចីរភាព ជាមួយនឹងការប្រមូលប្រាក់បញ្ញើបានគ្រប់គ្រាន់ និងស្តង់ដារវាយតម្លៃកម្ចីយ៉ាងគត់មត់រឹងមាំ ក្នុងរយៈពេលពី១២ទៅ១៨ខែជាបន្តទៀត។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ធនាគារ ABA នៅបន្តជាធនាគារបុត្រសម្ពន្ធយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកាណាដាក្នុងរយៈពេលយូរអង្វែងទៅមុខទៀត។
ចំណាត់ថ្នាក់ឥណទាន កម្រិត B+ និងលទ្ធិផល «អនាគតស្ថិរភាព» ពី S&P Global Ratings ធ្វើឲ្យអតិថិជន វិនិយោគិន និងភាគីពាក់ព័ន្ធទាំងអស់កាន់តែជឿទុកចិត្តបន្ថែមទៀតលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ មូលដ្ឋានគ្រឹះនឹងធឹងល្អ និងទិដ្ឋភាពវិជ្ជមាននានារបស់ធនាគារ ABA។ ការទទួលស្គាល់នេះ គឺជាសក្ខីភាពបញ្ជាក់ពីអានុភាពហិរញ្ញវត្ថុខ្លាំងក្លា ការគ្រប់គ្រងហានិភ័យយ៉ាងគត់មត់ និងការប្តេជ្ញាចិត្តរបស់ ABA ក្នុងការផ្តល់សេវាធនាគារប្រកបដោយនវានុវត្តដល់អតិថិជន៕