(បរទេស)៖ អារ៉ាប៊ីសាអូឌីត បានបង្ហាញពីព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកមុខព្រួញសេដ្ឋកិច្ចរបស់ខ្លួន ដោយថ្មីៗនេះបានរកឃើញទុនបម្រុងលីចូមថ្មីនៅក្នុងអណ្តូងប្រេងរបស់ខ្លួននៅជិតសមុទ្រ។ របកគំហើញនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco តំណាងឱ្យគោលដៅផ្លាស់ប្តូរខ្លាំងបំផុតសម្រាប់មហាសេដ្ឋីប្រេងកាត ខណៈដែលប្រទេសនេះក៏កំពុងស្វែងរកឱកាសងាកទៅវិស័យអគ្គិសនីដូចប្រទេសមហាអំណាចផ្សេងទៀតផងដែរ។
ក្រោមគម្រោងសាកល្បងដោយជោគជ័យ Aramco បានទាញយកសារធាតុលីចូម និងបានប្រកាសពីផែនការសម្រាប់កម្មវិធីសាកល្បងពាណិជ្ជកម្មដែលផ្តោតលើការជីកយករ៉ែលីចូមដោយផ្ទាល់។ ផែនការនេះ នឹងត្រូវបានដឹកនាំដោយ Lithium Infinity ដែលជាក្រុមហ៊ុន start up ពីសាកលវិទ្យាល័យ King Abdullah University of Science and Technology និងសហការជាមួយក្រុមហ៊ុនរុករករ៉ែអារ៉ាប៊ីសាអូឌីត Ma'aden។
គួរជម្រាបថា អនុរដ្ឋមន្រ្តីក្រសួងកិច្ចការរ៉ែលោក Khalid bin Saleh Al-Mudaifer បានសម្តែងការយល់ឃើញជាវិជ្ជមានអំពីប្រាក់ចំណេញរបស់គម្រោងនេះ ចំពេលមានការកើនឡើងនៃតម្រូវការលីចូមជាសកលសម្រាប់រថយន្តអគ្គិសនី និងថ្មដែលប្រើក្នុងស្មាតហ្វូន។ លោកបានបញ្ជាក់ថា គម្រោងនេះគឺស្របតាមគោលដៅ Vision ២០៣០ របស់អារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រេងតែមួយមុខ និងបង្កើតទីតាំងថ្មីជាតួអង្គសំខាន់នៅក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក៕