(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ និងក្រុមហ៊ុន Way Feng Shui Group ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ បានបើកសិក្ខាសាលាស្តីពី «ហុងស៊ុយឆ្នាំ ២០២៥» ដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មសម្រាប់យុគថ្មី ដែលមានទីតាំងស្ថិតនៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត ឆាត សុឆេត រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី ប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ាស្ទ័រ ណាលី ហុងស៊ុយ និងជាប្រធានសមាគមហុងស៊ុយអន្តរជាតិកម្ពុជាឆាប់ទ័រ, Grand Master Tan Khoon Yong នៃក្រុមហ៊ុន Way Feng Shui Group ប្រទេសសិង្ហបុរី និងជាអគ្គនាយករងសមាគមហុងស៊ុយអន្តរជាតិ IFSA Senior Master Goh Guan Leong នៃក្រុមហ៊ុន Way Feng Shui Group ប្រទេសសិង្ហបុរី ព្រមទាំងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោកស្រី Master Long Naly បានលើកឡើងថា សិក្ខាសាលាហុងស៊ុយនេះ ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំក្រោមប្រធានបទផ្សេងៗ ដើម្បីជាប្រយោជន៍ដល់សិក្ខាកាមដែលបានចូលរួម។ ដោយឡែក សិក្ខាសាលាឆ្នាំ២០២៥ នេះគឺផ្តោតទៅលើប្រធានបទសំខាន់ៗ ដូចជាសេដ្ឋកិច្ច ការវិនិយោគ និងអាជីវកម្មក្នុងយុគថ្មី ការរៀបចំផ្ទះក្នុងឆ្នាំ២០២៥ និងភូមិសាស្ត្រជ័យភូមិសម្រាប់ការធ្វើដួងកែវ កំណើត ការរៀបចំម៉ុង និងចេតិយជាដើម។

លោកស្រី Master Long Naly ក៏បានបង្ហាញពីផែនការ និងទិសដៅបេសកកម្មសម្រាប់ពេលខាងមុខ ដើម្បីផ្តល់ជាប្រយោជន៍ សម្រាប់សង្គមជាតិ ដូចជា៖ ការរៀបចំស្តង់ដាអ្នកជំនាញហុងស៊ុយ «ចិនសែ» តាមរយៈការបង្កើតក្បួនច្បាប់គ្រប់គ្រងឲ្យមានក្របខណ្ឌត្រឹមត្រូវ និងមានចំណេះជំនាញយ៉ាងពិតប្រាកដ ប្រកាន់ភ្ជាប់នូវសីលធម៌ និងគុណធម៌ និងការរៀបចំផ្នូរដូនតារបស់ប្រជាពលរដ្ឋ ឱ្យស្របតាមក្បួនខ្នាតហុងស៊ុយត្រឹមត្រូវ តាមរយៈគម្រោង យិន ផារ៉ាដាយ «Yin Paradise» ដែលមានការទទួលស្គាល់ដោយអន្តរជាតិ ដើម្បីជួយចំរុញឱ្យសង្គមជាតិកម្ពុជាយើងឲ្យកាន់តែរីកចម្រើន។

លោកស្រី ឡុង ណាលី បានជឿជាក់ និងប្តេជ្ញាយ៉ាងម៉ុតមាំថា គម្រោង យិន ផារ៉ាដាយ «Yin Paradise» ដែលទើបតែបង្កើតឡើងក្រោមការដឹកនាំរបស់អ្នកគ្រូផ្ទាល់ នឹងអាចក្លាយជាផ្នែកមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា កាលពីថ្មីៗកន្លងមកនេះ ដែលដាក់ឱ្យមានការពិចារណា គិតគូររកកន្លែងសមរម្យ សម្រាប់រៀបចំធ្វើចេតិយ ដែលជំនួសឲ្យការធ្វើចេតិយតាមទីវត្តអារាម ដែលធ្វើឲ្យមានទីធ្លារកាន់តែតិចទៅៗ រហូតដល់គ្មានកន្លែងសម្រាប់ប្រើប្រាស់នាពេលខាងមុខ។

ជាមួយគ្នានេះ លោក Grand Master Tan Khoon Yong បានបង្ហាញសេចក្តីសោមនស្សរីករាយដែលមានវត្តមានទីនេះ ហើយជាគោលដៅទីមួយ ដែលបានមកដល់ប្រទេសកម្ពុជា និងចង់ចែករំលែកចំណេះដឹងហុងស៊ុយដល់សិស្សនៅកម្ពុជា ហើយអ្វីដែលកាន់តែពិសេសនោះ លោកបានមើលឃើញថា កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងវិស័យហុងស៊ុយនេះ ហើយចង់រួមគ្នាធ្វើឱ្យវិស័យនេះជួយឱ្យកម្ពុជាកាន់តែរីកចម្រើន។

លោក Grand Master Tan Khoon Yong បានបន្ថែមថា លោកស្រី ឡុង ណាលី បានបង្កើតគម្រោង យិន ផារ៉ាដាយ «Yin Paradise» ដែលមានផ្នត់គំនិតដូចអ្វី ដែលតែងតែគិតកន្លងមក និងអភិវឌ្ឍគម្រោង យិន ផារ៉ាដាយ «Yin Paradise» ឱ្យអស្ចារ្យបំផុតនៅក្នុងអាស៊ី។

លោក ឆាត សុឆេត រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានរំលេចនូវគម្រោងដ៏គួរឱ្យចាប់អារម្មណ៍មួយគឺ គម្រោង យិនផារ៉ាដាយ ដែលឧកញ៉ាសាស្ត្រាចារ្យ ឡុង ណាលី ដោយបានលើកឡើងថា គម្រោងដែលកំពុងតែដំណើរការនេះ មានលក្ខណៈស្របតាមស្តង់ដារអន្តរជាតិ ដែលឋិតនៅទីតាំងមួយប្រកបដោយទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់។

ទោះជាយ៉ាងនេះក្តី លោកក៏បានលើកឡើងដែរថា គ្រប់គ្នាគួរប្រកាន់ភ្ជាប់នៅហុងស៊ុយបីក្នុងជីវិតមនុស្សរួមមាន៖ ភាពស្មោះត្រង់ ការអត់ធ្មត់ និងកុំភ្លេចគុណអ្នកធ្លាប់ជួយយើង ពិសេសត្រូវពិតប្រាកដ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគុណធម៌ ដើម្បីជាបច្ច័យមួយសម្រាប់វិវឌ្ឍខ្លួន ជាធនធានមនុស្សលើជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រ និងអាចយកទៅប្រើប្រាស់ស្របតាមអធ្យាស្រ័យរៀងៗខ្លួននៅក្នុងសង្គម។

លោកសង្ឃឹមថា សិក្ខាសាលាហុងស៊ុយ ឆ្នាំ២០២៥នេះ នឹងជាឱកាសដល់សិក្ខាកាម បានសិក្សាស្វែងយល់ពីហុងស៊ុយបែបជំនឿ និងហុងស៊ុយបែបវិទ្យាសាស្ត្រ ដែលមានស្តង់ដារត្រឹមត្រូវពិតប្រាកដ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងគុណធម៌ ដើម្បីកសាងបាននូវធនធានមនុស្សលើជំនាញហុងស៊ុយបែបវិទ្យាសាស្ត្រ សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ នៅក្នុងសង្គមកម្ពុជា៕