(ភ្នំពេញ)៖ កីឡាករគុនខ្មែរចំនួន ៣រូប នឹងទៅប្រកួតដណ្តើមខ្សែក្រវាត់ ផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសម៉ាឡេស៊ី ហើយកម្មវិធីប្រកួតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ខណៈដែលកីឡាករទាំងអស់ចេញដំណើរពីប្រទេសកម្ពុជាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។
កម្មវិធី RENTAP NIGHT នឹងធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលសហការរៀបចំដោយក្រសួងទេសចរណ៍របស់ប្រទេសម៉ាឡេស៊ី។
កីឡាករគុនខ្មែរដែលត្រូវចូលរួមប្រកួតនៅក្នុងប្រទេសម៉ាឡេស៊ី គឺកីឡាករ ប៉ុង ប៊ុនឆេង (៥៨គីឡូ), អ៊ុំ ចំរើន (៧០គីឡូ), ប៉ុង ពិសិដ្ឋ (៦០គីឡូ) ដណ្តើមខ្សែក្រវាត់ ទាំង ៣នាក់ ក្នុងថ្ងៃតែមួយ។
ជាមួយគ្នានេះពាក្យថា «KUN KHMER» នឹងបង្ហាញច្បាស់ៗ ក្នុងកម្មវិធី RENTAP NIGHT ក្នុងគោលបំណងផ្សព្វផ្សាយគុនខ្មែរ។ ព្រឹត្តិការណ៍ប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ពេលអនាគត សហការជាមួយរាជរដ្ខាភិបាលប្រទេសម៉ាឡេស៊ី រៀបចំផ្សព្វផ្សាយព្រឹត្តិការណ៍គុនខ្មែរ និងផែនការបន្ទាប់ទៀត សម្រាប់វិស័យគុនខ្មែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះ គឺក្រុមហ៊ុនគ្រុឌជាអ្នកឧបត្ថម្ភផ្តាច់មុខ ក្នុងដំណើរការផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសម់ាឡេស៊ី៕