(ភ្នំពេញ)៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានធ្វើការបុកគ្រឹះសាងសង់សាលាគុន នៅក្រុងប៉ោងប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួចទិសដៅបណ្ដុះបណ្ដាល និងផលិតធនធានកីឡាករ-កីឡាការិនីឲ្យបានច្រើន សម្រាប់ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ដោយមានការចូលរួមផ្ទាល់ពីលោក សេង ធារិន ប្រធានសសហព័ន្ធ ថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនផងដែរ ។
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានឲ្យដឹងថា អគារទីតាំងហ្វឹកហាត់ ដែលកំពុងដំណើរការបុកគ្រឹះសាងសង់នេះ មានទំហំ១២ គុណ ២៤ម៉ែត្រ ដោយសាងសង់លើផ្ទៃដី ១៦ គុណ ៤០ ម៉ែត្រ ដោយគ្រោងប្រើប្រាស់ខ្ទង់ចំណាយថវិកាជាង ៥ម៉ឺនដុល្លារអាមេរិក ដែលជាថវិកាស្ម័គ្រចិត្តចូលរួមអភិវឌ្ឍពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា។
លោកបន្ថែមថា កាសាងសង់សាលាគុនកីឡាបញ្ចស៊ីឡាត់ នៅក្រុងប៉ោយប៉ែតនេះ ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំសហព័ន្ធ សម្រាប់ម្រើដល់ការបណ្តុះបណ្តាលធនធានយុវជនឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពធនធានកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្នុងទិសដៅផលិតឱ្យបានធនធានកីឡាករ កីឡាការនីឆ្នើមៗ សម្រាប់កម្ពុជាចូលរួមការប្រកួតលើឆាកអន្តរជាតិ នានា នាពេលបន្តបន្ទាប់ទៀត ស្របពេលវិស័យកីឡាមួយនេះ កំពុងរីកចម្រើន និងទទួលបានជោគជ័យជាបន្ដបន្ទាប់ ក្នុងការប្រកួតអន្ដរជាតិនានា ពិសេសកាលពីស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ ៕