(ឡុងដ៍)៖ ខ្សែប្រយុទ្ធស្លាប Bukayo Saka បានរងរបួសរសៃពួរជាទម្ងន់ និងត្រូវការពេលច្រើនសប្តាហ៍ផងដែរ ដើម្បីព្យាបាល។ នេះបើយោងតាមការបញ្ជាក់ពីលោក Mikel Arteta គ្រូបង្វឹកកំាំភ្លើងធំ Arsenal។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា Saka ដែលលេងក្នុងតំបន់ប្រយុទ្ធជាមួយក្រុមតោកំណាចអង់គ្លេស ត្រូវបានបង្ខំចិត្តប្តូរចេញ នៅពេលជួបបញ្ហារបួសខាងលើ ក្នុងប្រកួតដែល Arsenal យកឈ្នះម្ចាស់ផ្ទះ Crystal Palace ៥-១ ក្នុងលីគ Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅកីឡដ្ឋាន Selhurst Park។
Saka វ័យ ២៣ឆ្នាំ រកបាន ៩គ្រាប់ និងរួមចំណែកបញ្ជូនបាន ១៣គ្រាប់ផងដែរ ពីការចូលលេងសរុបចំនួន ២៤ប្រកួតគ្រប់កម្មវិធីជាមួយ Arsenal នៃរដូវកាលឆ្នាំ២០២៤-២៥។
លើសពីនេះទៀត អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Arteta ក៏បានបញ្ជាក់បន្ថែមថា Raheem Sterling ក៏មានបញ្ហារបួសជង្គង់ និងអវត្តមានពីទីលានផងដែរ ដ្បិតកាំភ្លើងធំត្រូវស្វាគមន៍ក្រុមទើបឡើងថ្មី Ipswich Town ក្នុងលីគនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤៕