(តូរីន)៖ ក្លិបបាល់ទាត់ Monza បានឈានដល់ផ្លូវបំបែកជាមួយគ្រូបង្វឹក Alessandro Nesta អតីតធ្លាប់ឈ្នះពាន UEFA Champions League ២លើកជាមួយ AC Milan និងសមាជិកដណ្តើមបានជើងឯក World Cup 2006 ជាមួយអ៉ីតាលី កាលនៅជាកីឡាករ និងតែងតាំងលោក Salvatore Bocchetti ជំនួសវិញផងដែរ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Nesta បានដឹកនាំ Monza លេងឈ្នះតែ ១លើកគត់ ក្នុងចំណោម ១៧ប្រកួតនៅ Serie A នារដូវកាលនេះ និងកំពុងឈរបាតតារាងទៀតផង ដោយដាច់ ៥ពិន្ទុពីតំបន់មានសុវត្ថិភាព មុនឈានដល់ការតំណែងកាលពីថ្ងៃចន្ទម្សិលមិញ។

លោក Nesta អតីតខ្សែការពារឆ្នើមអ៉ីតាលី បានដឹកនាំ Monza លេង ១ប្រកួតចុងក្រោយចាញ់សេះបង្កង់ Juventus ២-១ ក្នុងលីគកាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបានចូលដឹកនាំក្លិបនេះ មុនពេលចាប់ផ្តើមរដូវកាលថ្មី ២០២៤-២៥។

គួរបញ្ជាក់ផងថា ក្នុងអាជីពគ្រូបង្វឹក លោក Nesta ធ្លាប់ដឹកនាំក្រុម Miami FC កាលឆ្នាំ២០១៥ មុនឈានមកដឹកនាំក្លិបនៅក្របខណ្ឌទាបៗដូចជា Perugia, Frosinone និង Reggiana ជាដើម៕