(បរទេស)៖ Ceneo គឺជាគេហទំព័រប្រៀបធៀបតម្លៃដ៏លេចធ្លោ និងពេញនិយមបំផុតមួយរបស់ប៉ូឡូញ ព្រមទាំងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Allegro ដែលនៅដើមសប្ដាហ៍នេះបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google ក្រោមការចោទប្រកាន់ថា បានធ្វើការប្រៀបធៀន និងប្រកួតប្រជែងដោយមិនស្មោះត្រង់។
គេហទំព័រ E-commerce មួយនេះ បានទាមទារសំណងពី Google ក្នុងទឹកប្រាក់ជិត ៥៦៨លានដុល្លារ ដោយបានលើកឡើងថា ការអនុវត្តរបស់ក្រុមហ៊ុន Google នៅលើ Google Search គឺមិនតម្លាភាព ជាពិសេសគឺបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ដែលជាហេតុនាំឱ្យពួកគេខាតបង់ប្រាក់ជាច្រើនសន្ធឹក។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យ Google ឆ្លើយបតវិញថា Google បានអនុវត្តគោលការណ៍របស់ខ្លួនដោយភាពត្រឹមត្រូវអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយពាក់ព័ន្ធនឹងករណីនេះ Google នឹងធ្វើការពិចារណាទៅលើជម្រើសមួយដែលសមស្រប និងមិនឱ្យមានភាពយល់ច្រឡំ ឬមានកំហុសទៅលើផ្លូវចាប់ណាមួយឡើយ។
Ceneo គឺជាគេហទំព័រប្រៀបធៀបតម្លៃរបស់ប៉ូឡូញដ៏លេចធ្លោមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ និងជាបុត្រសម្ព័ន្ធរបស់ Allegroដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មអេឡិចត្រូនិចនៃប្រទេសប៉ូឡូញ។ វាបម្រើជាវេទិកាមួយដែលអ្នកប្រើប្រាស់អាចប្រៀបធៀបតម្លៃ និងការផ្តល់ជូនពីហាងអនឡាញដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជួយពួកគេធ្វើការសម្រេចចិត្តទិញជាមួយនឹងព័ត៌មានច្បាស់លាស់។
ចំណែក Allegro គឺជា E-commerce ឈានមុខគេរបស់ប៉ូឡូញ ដែលត្រូវបានទទួលស្គាល់ថា ជាទីផ្សារអនឡាញធំបំផុត និងគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសប៉ូឡូញ។ បង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ជាគេហទំព័រដាក់ដេញថ្លៃផលិតផល ប៉ុន្តែក្រោយមកបានវិវត្តទៅជាទីផ្សារដ៏ទូលំទូលាយដែលគាំទ្រទាំងអ្នកលក់ និងអាជីវកម្ម៕