(ហ្សាកាតា)៖ លោក Erick Thohir អតីតម្ចាស់ក្លិប Inter Milan និងជាប្រធានសមាគមបាល់ទាត់ប្រទេសឥណ្ឌូនេស៊ីបច្ចុប្បន្ន មានក្តីសុបិនក្នុងការនាំក្រុមជម្រើសជាតិលេងក្នុងព្រឹត្តិការណ៍ World Cup ម្តងទៀត ពោលគឺនៅឆ្នាំ២០២៦ តែម្តង។
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Reuters បានចេញផ្សាយនៅថ្ងៃនេះថា ប្រទេសប្រជុំដោយកោះនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្លាប់បានទៅលេងជុំចុងក្រោយនៃ World Cup ម្តងដែរកាលឆ្នាំ១៩៣៨ ក្រោយពេលព្រឹត្តិការណ៍ធំលំដាប់ពិភពលោកមួយនេះ បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៣០ និងពុំដែលបានបង្ហាញខ្លួនទៀតឡើយ បន្ទាប់ពីទទួលបានឯករាជ្យពេញលេញពីហូឡង់កាលឆ្នាំ១៩៤៥ មក។
ជាមួយគ្នានេះ លោក Thohir ដែលទើបជាប់ឆ្នោតជាប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) កាលឆ្នាំទៅនោះ មានជំនឿចិត្តថា យ៉ាងហោចណាស់ឥណ្ឌូនេស៊ី ក៏ទទួលបាន ១កៅអី ដើម្បីឡើងទៅលេងជុំផ្តាច់ព្រ័ត្រ ក្នុងចំណោម ៩កៅអីលេងតំណាងទ្វីបអាស៊ីនៅ World Cup 2026 នោះដែរ។
បុរសដែលមានវ័យ ៥៤ឆ្នាំមកពីសមាជិកសភា និងជាអ្នកជំនួញជោគជ័យមួយរូបផងនោះបានថ្លែងប្រាប់ Reuters ថា «ឥណ្ឌូនេស៊ីគួរតែជាក្រុមកំពូលមួយនៅអាស៊ី ក្នុងចំណោមទាំង ៩កៅអី នៅពេលដែលប្រទេសនេះពោរពេញដោយអ្នកគាំទ្រភ្លូកទឹកភ្លូកដី ជាមួយនឹងការប្តេជ្ញាចិត្តផងនោះ ក៏ប៉ុន្តែជាការពិត ក៏ត្រូវការពេលវេលាដែរ»។
ជាការកត់សម្គាល់ ឥណ្ឌូនេស៊ីបានកំពុងឈរនៅលេខរៀងទី៣ បណ្តោះអាសន្នក្នុងពូល ក្រោយលេង ១០ប្រកួតជម្រុះ World Cup 2026 និងចាញ់ប្រៀបអូស្រ្តាលីតែ ១ពិន្ទុប៉ុណ្ណោះពីតំណែងលេខ តំបន់កៅអីឡើងទៅលេង World Cup ២ឆ្នាំបន្ទាប់ដោយស្វ័យប្រវត្តិ ដ្បិតពួកគេកំពុងឈរនៅលេខរៀងទី១២៧ ក្នុងតារាងចំណាត់ថ្នាក់ FIFA បច្ចុប្បន្ន៕